• 2019-01-09 04:00:00
  • សុខភាព

កុំសម្ងំបាញ់ថ្នាំនេះនោះខ្លួនឯង ក្រែងនាំទុក្ខ មកដឹងរឿងត្រូវធ្វើ និងដាច់ខាតមិនត្រូវធ្វើ បើរងការលាកស្បែក

  • 2019-01-09 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​រលាក​ស្បែក​គឺ​ជា​ការ​ខូចខាត​ស្បែក និង​ជាលិកា​នៅ​ពី​ខាងក្រោម​ស្បែក​ដោយ​មូលហេតុ​ផ្សេងៗ ដូចជា​ដោយសារ​កម្ដៅ ឬហៅថា (thermique): ភ្លើង ទឹក​ក្ដៅ ខ្លាញ់​ក្ដៅ ហ្គាស​ក្ដៅ​ ឬ​ឆេះ​សាំង រលាក​ដោយ​ឆក់​ខ្សែ​ភ្លើង អាស៊ីដ កាំរស្មី ជាដើម។ នេះ​បើ​តាម​ប្រភព​ពី​ទំព័រ​ហ្វេសប៊ុក​មន្ទីរ​ពេទ្យ​កាល់​ម៉ែត។

៣ចំណុចខាងក្រោម ដែល​លោក​អ្នក​គួរដឹង ពីរឿងត្រូវ​ធ្វើ និង​មិន​ត្រូវធ្វើ​ ដើម្បី​សុវត្ថិភាព និង​ជួយ​សង្គ្រោះ​ត្រឹមត្រូវ​ដល់​​អ្នក​រងគ្រោះ​ដោយ​ការ​រលាក ភ្លើង ទឹក​ក្ដៅ អាស៊ីដ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​បាន​បន្ត​សរសេរ​។

រូបតំណាង

១. រឿង​ត្រូវ​ធ្វើ​

ការ​ជួយ​សង្គ្រោះ​បឋម​ គឺ​ធ្វើ​ឡើង​ដោយ​អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់ ឬ​អ្នក​នៅ​ជុំវិញ​ជន​រងគ្រោះ​ទៅ​តាម​ប្រភេទ និង​ស្ថានការណ៍​នីមួយៗ។

  • អ្នក​ជួយ​សង្គ្រោះ​ត្រូវ​មាន​សុវត្ថិភាព​ខ្លួន​ឯង​ជា​ចម្បង​សិន។ ឧទាហរណ៍: ជន​រងគ្រោះ​រលាក​ដោយសារ​ការ​ឆក់​ខ្សែ​ភ្លើង គឺ​យើង​ត្រូវ​បិទ​ភ្លើង​សិន។ បើ​រលាក ដោយសារ​សារធាតុ​គីមី​ យើង​ត្រូវ​ពាក់​ម៉ាស់​ និង​ស្រោម​ដៃ។

  • បញ្ឈប់​រាល់​មូលហេតុ​ដែល​បណ្ដាល​អោយ​រលាក​ស្បែក។ យក​ជន​រង​គ្រោះ​ចេញ​អោយ​ឆ្ងាយ​ពី​ប្រភព​រលាក ដោះ​សំលៀកបំពាក់​ចេញ​និង​លាង​សំអាត​កន្លែង​ដែល​រលាក។

  • ប្រើប្រាស់​ទឹក​ស្អាត ឬ​ទឹក​ម៉ាស៊ីន​ដើម្បី​បន្ថយ​កម្ដៅ និង​ការ​ឈឺ​ចាប់។

  • ពន្លត់​ភ្លើង​ក្នុង​ករណី​មាន​ការ​ឆាប​ឆេះ​ទៅ​លើ​ជន​រងគ្រោះ ដោយ​អោយ​ជន​រង​គ្រោះ​ដេក​នៅ​លើ​ដី រួច​រមៀល​ឬ​យក​អ្វី​មួយ​មក​គ្រប​ឬ​យក​ទឹក​មក​បាច​ពន្លត់។

  • ក្នុង​ករណី​រលាក​ដោយសារ​សារធាតុគីមី ត្រូវ​លាង​សំអាត​នឹង​ទឹក​អោយ​បាន​យូរ។

  • ប្រសិន​បើ​ខ្ទាត​ចូល​ភ្នែក ក៏​ត្រូវ​លាង​សំអាត​ភ្នែក​និង​ទឹក​អោយ​បាន​យូរ​ដែរ។

  • ត្រូវ​គ្រប​ដណ្ដប់​អ្នក​ជំងឺ​រលាក​ភ្លើង​ដោយ​ក្រណាត់​ស្អាត រួច​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ជា​បន្ទាន់។

២. រឿង​មិន​ត្រូវ​ធ្វើ

  • មិន​ត្រូវ​យក ម្សៅ ប្រេង ឬ​អ្វី​ផ្សេង​ៗ មក​លាប​លើ​មុខ​របួស​ទេ

  • មិន​ត្រូវ​ប្រើប្រាស់​ទឹកកក​ទេ

រូបតំណាង
  • មិន​ត្រូវ​លាង​ទឹក​យូរ​ពេក ដែល​នាំ​អោយ​អ្នក​ជំងឺ​ត្រជាក់​ខ្លួន​ខ្លាំង ដែល​នេះ​ជា​កត្តា​គ្រោះ​ថ្នាក់​មួយ​ដែរ។

៣. ការ​ព្យាបាល

ប្រសិន​បើ​កម្រិត​នៃ​ការ​រលាក ចំពោះ​ក្មេង​ចាប់​ពី​១០% ឡើង​ទៅ ឯ​មនុស្ស​ចាស់​ចាប់​ពី​២០% ឡើង​ទៅ សូម​នាំ​អ្នក​ជំងឺ​មក​មន្ទីរ​ពេទ្យ ដើម្បី​ធ្វើការ​សង្គ្រោះ និង​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ ជៀសវាង​ផល​វិបាក និង​ជំងឺ​ផ្សេង​ៗ ដែល​កើត​មាន​ដោយសារ​ការ​រលាក។

រូបតំណាង

សូម​បញ្ជាក់​ថា ក្នុង​ករណី​លោក​អ្នក​សង្ស័យ​ណា​មួយ ក្រោយ​រង​ការ​រលាក ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​លោក​អ្នកប្រញាប់​ទំនាក់ទំនង​មក​ក្រុម​គ្រូពេទ្យ​ ដើម្បី​ចាត់ចែង​សង្គ្រោះ​ភ្លាម​ៗ និង​បញ្ជូន​មក​កាន់​មន្ទីរ​ពេទ្យ​ដែល​នៅ​ជិត​បំផុត​។ ក្រុម​ការងារ​វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាក​ជំនាញ​នៃ​ស្ថានការណ៍​រលាក អាច​ជួយ​សង្គ្រោះ​អាយុ​ជីវិត​អ្នក​ជំងឺ​បាន​ទាន់​ពេល​វេលា។ នេះ​បើ​តាម​ប្រភព​ពី​ទំព័រ​ហ្វេសប៊ុក នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់