• 2019-02-10 02:19:12
  • សុខភាព

ងាយបំផុត! អ្នកធាត់ៗបើអាចជៀសអាហារ ៥យ៉ាងនេះបាន ធានាថាស្គមស្អាតដូចប្រាថ្នា

  • 2019-02-10 02:19:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សជាច្រើនខំប្រឹងប្រែងខ្លាំងណាស់ដើម្បីអាចទទួលបានរូបរាងស្គមស្រស់ស្អាត ឬស្រកទម្ងន់។ អ្នកខ្លះព្យាយាមហាត់ប្រាណយ៉ាងទៀងទាត់ ហើយតមអាហារជាច្រើនដើម្បីអាចទទួលបានរូបរាងសមតាមក្ដីស្រមៃ។ ទោះជាយ៉ាងណា ការតមអាហារមិនបានត្រឹមត្រូវមិនផ្ដល់អត្ថប្រយោជន៍អ្វីឡើយ ផ្ទុយទៅវិញ គឺមានតែធ្វើឱ្យអ្នកឃ្លានកាន់តែខ្លាំង ហើយមិនទទួលបាននូវសារធាតុចិញ្ចឹមចាំបាច់សម្រាប់រក្សាសុខភាពរាងកាយតែប៉ុណ្ណោះ។ ប៉ុន្តែកុំបារម្ភ! ខាងក្រោមនេះ នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរជៀសវាង កំឡុងពេលអ្នកព្យាយាមសម្រកទម្ងន់ ៖

១. បាយស

បាយស មិនត្រឹមតែធ្វើឱ្យអ្នកកើនទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែក៏មិនប្រសើរសម្រាប់សុខភាពប៉ុន្មានដែរ។ បាយស ត្រូវបានរំលាយដោយរាងកាយយ៉ាងឆាប់រហ័សដែលនាំឱ្យកើនឡើងនូវកម្រិតនៃជាតិស្ករក្នុងឈាម។ ក៏ព្រោះតែបែបនេះ អ្នកនឹងមានអារម្មណ៍អស់ថាមពលលឿន ហើយចាប់ផ្ដើមទទួលទានអាហារផ្សេងៗ រួមទាំងអាហារដែលមិនល្អចំពោះសុខភាពដើម្បីទទួលបានថាមពលត្រឡប់មកវិញ។ ក្រៅពីនេះ បាយស មានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗតិចជាងបាយអង្ករសម្រូបឆ្ងាយណាស់។ ដូច្នេះដើម្បីទទួលបាននូវរូបរាងស្រស់ស្អាត ក៏ដូចជាសុខភាពល្អប្រសើរ ចូរជ្រើសការទទួលទានបាយអង្ករសម្រូបជំនួសវិញ។

២. គ្រឿងស្រវឹង

ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងហើយថា ការទទួលទានគ្រឿងស្រវឹង គឺមិនល្អសោះឡើយចំពោះសុខភាព ក៏ដូចជាកំឡុងពេលសម្រកទម្ងន់។ សូម្បីតែការទទួលទានស្រាក្រហមត្រឹមកម្រិតមធ្យមក៏កើនកាឡូរីបន្ថែមដល់ទៅ ២០០០ កាឡូរីក្នុងរយៈពេលមួយខែ។ លើសពីនេះទៅទៀត រាងកាយនឹងមិនអាចធ្វើការដុតបំផ្លាញជាតិខ្លាញ់ផ្សេងៗបានឡើយ ប្រសិនបើជាតិអាល់កុលមិនត្រូវបានកម្ចាត់ចេញ ឬបន្សាបអស់។

៣. អាហារកំប៉ុង

ភាគច្រើននៃអាហារកំប៉ុង គឺមានផ្ទុកសម្បូរទៅដោយជាតិសូដ្យូម ឬអំបិល ដើម្បីអាចរក្សាទុកបានយូរ។ សូដ្យូម គឺជាសារធាតុប្រឆាំងការបញ្ចុះជាតិទឹកដែលមានន័យថា វាជួយរក្សាជាតិទឹកក្នុងរាងកាយ។ ដូច្នេះអ្នកនឹងជួបប្រទះអាការៈហើម ដែលធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួល ហើយមើលទៅធាត់ទោះបីជាអ្នកព្យាយាមសម្រកទម្ងន់យ៉ាងណាក៏ដោយ។ លើសពីនេះទៅទៀត អាហារកំប៉ុងមានផ្ទុកជាតិកាឡូរីខ្ពស់ ប៉ុន្តែសារធាតុចិញ្ចឹមចាំបាច់ទាបបំផុតដែលមិនល្អសោះឡើយសម្រាប់សុខភាព ក៏ដូចជាទម្ងន់របស់អ្នក។

៤. ទំពាំងបាយជូរ

ផ្លែទំពាំងបាយជូរ ក៏ដូចទៅនឹងផ្លែឈើដទៃទៀតដែរ គឺមានប្រយោជន៍ណាស់សម្រាប់សុខភាព ដូច្នេះអ្នកមិនចាំបាច់ឈប់ទទួលទានវាទាំងស្រុងតែម្ដងឡើយ។ ទោះជាយ៉ាងណា ផ្លែទំពាំងបាយជូរ មានផ្ទុកសម្បូរទៅដោយជាតិស្ករខ្ពស់ ដូច្នេះការទទួលទានខ្លះអាចចាប់ផ្ដើមនូវវដ្តនៃការឃ្លានជាតិផ្អែមមួយដែលពិបាកនឹងគ្រប់គ្រង។

៥. ទឹកដោះគោឆៅ ឬទឹកដោះគោសុទ្ធ

តើអ្នកធ្លាប់ដឹងទេថាទឹកដោះគោឆៅ ក៏មានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ឆ្អែត (saturated fats) និងកូឡេស្តេរ៉ូលមិនល្អសម្រាប់សុខភាព ក៏ដូចជាការសម្រកទម្ងន់ដែរ? លើសពីនេះទៅទៀត អាហារមានផ្ទុកជាតិខ្លាញ់ឆ្អែតខ្ពស់ គឺផ្សារភ្ជាប់ទៅនឹងជំងឺធាត់ជ្រុល ក៏ដូចជាបណ្ដាលឲ្យរាងកាយធន់នឹងអាំងស៊ុយលីនបង្កជំងឺទឹកនោមផ្អែមផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរជ្រើសទទួលទានទឹកដោះគោគ្មានជាតិខ្លាញ់៕

ប្រភព ៖ health.com.kh

មតិយោបល់
អត្ថបទពេញនិយម