• 2019-03-07 08:55:38
  • ចរាចរណ៍

ក្រុម​ហ៊ុន​ PassApp លើក​ទឹកចិត្ត​ឲ្យ​ម៉ូតូ​កង់​បី​ឥណ្ឌា និង​ខ្មែរ ចូល​រួម​វគ្គ​បណ្ដុះ​បណ្ដាល​ឥត​គិត​ថ្លៃ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ

  • 2019-03-07 08:55:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហ៊ុន Pass App Technologies បាន​គាំទ្រ​ពេញ​ទំហឹង​ នូវ​សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បើក​វគ្គ​បណ្ដុះ​បណ្ដាល​ផ្នែក​ច្បាប់​ចរាចរណ៍​ឥត​គិត​ថ្លៃ រយៈ​ពេល​ ២ខែ ដល់​ម៉ូតូ​កង់​បី​ឥណ្ឌា និង​ទោចក្រ​យានយន្ត​សណ្ដោង​រ៉ឺម៉ក។

កាល​ពី​ដើម​ខែ​មីនា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ ដោយ​បាន​បើក​វគ្គ​បណ្ដុះ​បណ្ដាល​ផ្នែក​ច្បាប់​ចរាចរណ៍​ឥត​គិត​ថ្លៃ គិត​ចាប់​ពី​ខែ​មី​នា ដល់​ខែ ឧសភា ក្នុង​គោល​បំណង​សំខាន់​ឲ្យ​អ្នក​បើកបរ​ត្រី​ចក្រ​យានយន្ត​ និង​ទោចក្រយានយន្ត​សណ្ដោង​រ៉ឺម៉ក​​យឹល​ដឹង​ផ្នែក​ច្បាប់​ផង និងចង់​ឲ្យ​មាន​បណ្ណ​បើកបរ​គ្រប់​ៗ​គ្នា​ផង។  

ទាក់ទង​នឹង​សេចក្ដី​ជូន​ដំណឹង​នេះ លោក លុយ ឡាវី ដែល​ជា​ប្រធាន​ផ្នែក​ទីផ្សារ មក​ពី​ក្រុម​ហ៊ុន PassApp បាន​ប្រាប់​ Sabay ថា ក្រុម​ហ៊ុន​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​វិធាន​ការ​នេះ និង​បាន​អំពាវ​នាវ​ដល់​អ្នក​បើកបរ​របស់​ក្រុម​ហ៊ុន PassApp ក៏ដូចជា​អ្នក​បើកបរ​ត្រីចក្រយានយន្ត ឬ​ទោចក្រយាន​យន្ត​សណ្ដោង​រ៉ឺម៉ក​ទាំង​អស់ ចូលរួម​រៀន​ស្ដីពី​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ដោយ​មិន​គិត​ថ្លៃ​នៅ​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ រៀង​រាល់​ថ្ងៃ​សៅរ៍ ព្រម​ទាំង​ប្រលង​យក​បណ្ណ​បើកបរ ដែល​កំណត់​ដោយ​សាលា​រាជធានី​ភ្នំពេញ ពី​ខែ​មី​នា ដល់​ខែ​ឧសភា ២០១៩។

  លោក​បាន​បន្ថែម​ថា "ក្រុម​ហ៊ុន​ PassApp ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​លើក​ទឹក​ចិត្ត ក៏ដូចជា​ចង់​ឲ្យ​អ្នក​បើកបរ​ទាំង​អស់​ ជាពិសេស​អ្នក​បើកបរ​ម៉ូតូ​កង់​បី ទោចក្រយានយន្ត​សណ្ដោង​រ៉ឺម៉ក​ទាំង​អស់​ចេះ​ច្បាប់​ បើក​បរ​ដោយ​ការ​ទទួល​ខុសត្រូវ​ និង​ បើកបរ​ប្រកប​ដោយ​ក្រម​សីលធម៌ យោគ​យល់​អធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ផង និង​ចូលរួម​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ផង"។

  ផ្អែក​តាម​សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​កាល​បរិច្ឆេទ​ថ្ងៃ​ទី ០១ មីនា ២០១៩ ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​ ឯកឧត្ដម ឃួង ស្រេង អភិបាល​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ដើម្បី​ចូលរួម​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ធានា​បាន​នូវ​សុវត្ថិភាព​ដល់​អ្នក​ដំណើរ​ និង​ដើម្បី​ឲ្យ​ការ​ធ្វើ​ចរាចរ​ស្រប​តាម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចាត់​ឲ្យ​មន្ត្រី​សាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ រៀប​ចំ​វគ្គ​បណ្ដុះ​បណ្ដាល​ចរាចរណ៍​ផ្លូវ​គោក ជូន​ដល់​បងប្អូន​ដោយ​ឥត​គិត​ថ្លៃ ជា​រៀង​រាល់​ថ្ងៃ​សៅរ៍ ចាប់​ពី​ម៉ោង ៨ព្រឹក ដល់​ម៉ោង ១៧​ល្ងាច និង​មាន​រយៈពេល​២ខែ គិត​ចាប់​ពី​ថ្ងៃ​សៅរ៍​ទី០២ មីនា ដល់​ថ្ងៃ​ទី ០៤ ខែ​ឧសភា ឆ្នាំ​២០១៩ ស្ថិត​នៅ​អង្គភាព​ផ្ដល់​ប័ណ្ណ​បើកបរ​យានយន្ត​ ផ្លូវ​លេខ​ ៥៩៨ សង្កាត់​ច្រាំង​ចំរេះ​ទី២ ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ ។ ក្រោយ​វគ្គ​បណ្ដុះបណ្ដាល​អាច​ដាក់​ពាក្យ​ប្រឡង​ទ្រឹស្ដី និង​ប្រឡង​ដៃ​ចង្កូត ដើម្បី​ទទួល​បាន​បណ្ណ​បើកបរ​យានយន្ត​ប្រភេទ (ក) ។ ក្រោយ​បញ្ចប់​វគ្គ​បណ្ដុះ​បណ្ដាល​២ខែ​នេះ អាជ្ញាធរ​មាន​សមត្ថកិច្ច​នឹង​រឹត​បន្តឹង​អនុវត្ត​តាម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ជា​ធរមាន ដោយ​មិន​មាន​ការ​លើកលែង​អធ្យាស្រ័យ​ទៀត​ឡើយ។

សូម​អាន​សេចក្ដី​ប្រកាស​ព័ត៌មាន​ទាំងស្រុង​ខាង​ក្រោម​នេះ៖

ឆ្លើយ​តប​នឹង​​សេចក្ដី​ជូន​ដំណឹង​ខាង​លើ​នេះ ក្រុម​ហ៊ុន ផាសអេប (PassApp) បាន​អំពាវ​នាវ​ដល់ អ្នក​បើកបរ​ដែល​ជា​សមាជិក​របស់​ខ្លួន​ក្ដី ឬ​ត្រី​ចក្រ​យានយន្ត​ ទោចក្រយាន​យន្ត​សណ្ដោង​រ៉ឺម៉ក​ទាំង​អស់ ​ចូល​រួម​រៀន​ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​តាម​ការ​ជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ៕​​ ព័ត៌​មាន​បន្ថែម​អាច​ទាក់ទង​លេខ​ទូរសព្ទ៖ ០១៦​ ៧៨៩​ ១២៣

សូមចុចអាន៖ ដឹង​ពិន័យ​ប៉ុន្មាន​អត់ បើ​ម៉ូតូ​កង់​បី ឬ​ទោ​ចក្រ​យានយន្ត​សណ្ដោង​រ៉ឺម៉ក​ បើក​បរ​អត់​មាន​ប័ណ្ណបើកបរ?

សូមចុចអាន៖ សាលាក្រុង​ប្រកាស​​បើក​វគ្គ​បណ្ដុះ​បណ្ដាល​ច្បាប់​ចរាចរណ៍​ឥត​គិត​ថ្លៃ ដល់​​ម៉ូតូ​កង់​បី និង​ទោ​ចក្រ​យានយន្ត​សណ្ដោង​រ៉ឺម៉ក រយៈ​ពេល​២ខែ

សូមចុចអាន៖ លំអិត​លក្ខណៈ​ពិសេស ​ផ្លូវ​ល្បឿន​លឿន​​ភ្នំពេញ-ព្រះសីហនុ

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់