• 2019-03-28 09:50:43
  • សុខភាព

ពេទ្យ​គន្ធ​បុប្ផា​ចំណាយ​ថវិកា​លាន​ដុល្លារ​សង់​​អគារ​វះកាត់​បេះដូង និង​ប្រព័ន្ធ​ប្រសាទ​ គ្រោង​នឹង​ដំណើរ​ឆាប់​ៗ​នេះ​

  • 2019-03-28 09:50:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគារ​ដ៏​ធំ​ស្កឹមស្កៃ​មួយ​កំពុង​​សាងសង់​​ឡើង​​ ​​លើ​ដី​អតីត​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី​​១ ជិត​វត្ត​ភ្នំ​ មាន​ទទឹង​ប្រហែល​ ៤០​ម៉ែត្រ​គុណ ៥០​ម៉ែត្រ កម្ពស់​៣ ជាន់។ ទី​នេះ​ហើយ​ជា​​ទីតាំង​ថ្មី​បន្ថែម​ទៀត​ សម្រាប់​ជួយ​សង្គ្រោះ​​​ដល់​អាយុជីវិត​កុមារ​មក​ពី​គ្រប់​ទិសទី​​ ដែល​មាន​បញ្ហា​បេះដូង និង​ប្រព័ន្ធ​ប្រសាទ​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​​ភ្នំពេញ។ អាគារ​ថ្មី​នេះ មាន​បន្ទប់ ចំនួន៦ និង​អាច​ដាក់​គ្រែ​បាន​ចំនួន ២០០​​កន្លែង។ ការ​វះ​កាត់​បេះដូង និង​ប្រព័ន្ធ​ប្រសាទ​បាន​ដំណើរ​ការ​ជិត ​១០​ឆ្នាំ​​មក​ហើយ នៅ​​មន្ទីរពេទ្យ​​ជ័យវរ្ម័នទី៧។​

អគារកំពុងសាងសង់ថ្មី នៃ​មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់​វះកាត់​បេះដូង

  ការ​សាង​សង់​អគារ​ថ្មី​នេះ​ចំណាយ​ថវិកា​ជិត​ ៨លាន​ដុល្លារ​អាមេរិក​។ ថវិកា​ទាំង​អស់​បាន​មក​ពី​មូលនិធិ​គន្ធបុប្ផា​ស្វីស មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ ​និង​បាន​មក​ពីព្រះរាជទាន១លានដុល្លារអាមេរិក​​​ពី​ព្រះមហាក្សត្រ​កម្ពុជា និង​សម្ដេច​ម៉ែ​។ 

  លោក​វេជ្ជបណ្ឌិត គី សន្ទី ប្រធាន​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ភ្នំពេញ​​បាន​ថ្លែង​ឱ្យ​ដឹង​ថា ការ​សាង​សង់​អគារ​​​ថ្មី ដោយសារ​កុមារ​កើត​ជំងឺ​បេះដូង និង​ប្រព័ន្ធ​ប្រសាទ​មាន​ចំនួន​ច្រើន ហើយ​ត្រូវ​សង្គ្រោះ​ជា​រៀងរាល់​ថ្ងៃ​ ទើប​តម្រូវ​ឱ្យ​មន្ទីរពេទ្យ​សម្រេច​សាងសង់​អាគារ​នេះ​ លើ​ទីតាំង​ចាស់ នៃ​អាគារ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី១ ដើម្បី​បម្រើ​ដល់​ការ​វះកាត់​ជំងឺ​បេះដូង​កុមារ និង​វះកាត់​ប្រព័ន្ធ​ប្រសាទ នៅ​រាជធានី​ភ្នំពេញ ខណៈ​សេវា​វះកាត់​នេះ​នឹង​អាច​ចាប់ផ្ដើម​ពី​ថ្ងៃទី១ ខែ​សីហា ឆ្នាំ​២០១៩ ខាងមុខនេះ។

  “អញ្ចឹង​​ការ​សាងសង់​អាគារ​ថ្មី​នេះ ជា​តម្រូវការ​ចាំបាច់​សម្រាប់​ការ​វះ​ជំងឺ​បេះដូង​កុមារ និង​កាត់​បន្ថយ​អត្រា​ស្លាប់​របស់​កុមារ​កម្ពុជា ។ ដូចនេះ​ជំហាន​ដំបូង​យើង​នឹង​ចាប់ផ្ដើម​​ផ្ដល់​សេវា​ព្យាបាល​វះកាត់​បេះដូង និង​សង្រ្គោះ​បន្ទាន់​សិន​នៅ​ខែ​សីហា​ខាងមុខ”។​

  លោក​វេជ្ជបណ្ឌិត​បន្ថែម​​ទៀត​ថា ​មន្ទីរពេទ្យ​គន្ធបុប្ផា ខេត្ត​សៀមរាប​ ដែល​បាន​ដំណើរការ​ជិត​ ១០ ឆ្នាំ​មក​នោះ​​​កំពុង​ផ្ដល់​សេវា​​វះកាត់​បេះ​​ដូង​ ក្នុង​មួយ​សប្ដាហ៍​ វះ​​បាន​បី​នាក់​ ដោយ​វេជ្ជបណ្ឌិត​ខ្មែរ​សុទ្ធ​សា​ធ​ និង​ទទួល​បាន​ជោគជ័យ​ច្រើន ​ដោយសារ​ក្រុម​គ្រូពេទ្យ​បាន​ទទួលការ​បណ្ដុះបណ្ដាល​ត្រឹមត្រូវ និង​មាន​សមត្ថភាព​អាច​វះកាត់​បាន​កាន់តែ​ប្រសើរ​ជាង​មុន។

  មន្ទីរពេទ្យ​ គន្ធបុប្ផា ​មាន​វត្តមាន​នៅ​អំឡុង​ទសវត្ស​ឆ្នាំ ១៩៧០ ហើយ​ត្រូវ​បាន​បិទទ្វារ​ទៅ​វិញ​នៅ ពេល​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច និង​ បាន​ចាប់​ដំណើរ​ការ​ឡើង​វិញ​នៅ​ឆ្នាំ​ នាំ ១៩៩២ ក្រោម​ព្រះរាជ្យ​តម្រិះ​របស់​ព្រះបរម​រតន​កោដ្ឋ ព្រះបាទ​សម្ដេច ព្រះនរោត្ដម សីហនុ អតីត​ព្រះមហាក្សត្រ​ខ្មែរ និង​លោក​វេជ្ជបណ្ឌិត Beat Richner ជនជាតិ​ស្វីស​ជា​ស្ថាបនិក៕

អត្ថបទ៖ សុផល

មតិយោបល់
អត្ថបទពេញនិយម