• 2019-07-28 02:32:56
  • សុខភាព

មិនត្រឹមតែឆ្ងាញ់ទេ “ផ្លែបឺរ” ប្រសើរណាស់ចំពោះសុខភាព ទប់ស្កាត់ជំងឺសាហាវជាច្រើន

  • 2019-07-28 02:32:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លែបឺរអាចមានផ្ទុកជាតិកាឡូរីនិងជាតិខ្លាញ់ខ្ពស់ ប៉ុន្តែវានៅតែជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុចិញ្ចឹមនិងសារធាតុផ្សេងៗទៀតដែលចាំបាច់ក្នុងការរក្សាសុខភាពបេះដូងរឹងមាំ។ ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ ហើយអាចនឹងឧស្សាហ៍ទទួលទានផ្លែបឺរ ប៉ុន្តែប្រហែលជាមិនធ្លាប់បានដឹងអំពីអត្ថប្រយោជន៍ដ៏គួរអោយភ្ញាក់ផ្អើលរបស់ផ្លែឈើនេះចំពោះសុខភាពឡើយ។ ខាងក្រោមនេះ គឺជាមូលហេតុដែលអ្នកគួរទទួលទានផ្លែបឺរ ៖

១. ល្អសម្រាប់ស្ត្រីមានផ្ទៃពោះ

ផ្លែបឺរ មានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ល្អៗ ជាតិ folate និងប៉ូតាស្យូម ដែលធ្វើអោយវាក្លាយជាជម្រើសនៃអាហារដ៏ប្រសើរសម្រាប់ស្ត្រីមានផ្ទៃពោះ។ ជាតិខ្លាញ់ល្អៗជួយបង្កើនសុខភាពស្បែក ខួរក្បាលនិងជាលិការបស់ទារក។ ជាតិ folate ទប់ស្កាត់ការវិវឌ្ឍទៅជាបញ្ហាសសៃប្រសាទ។ ហើយជាតិប៉ូតាស្យូមវិញ គឺជួយបំបាត់អាការៈរមួលក្រពើ។

២. កាត់បន្ថយកម្រិតកូឡេស្តេរ៉ូល

នោះក៏ព្រោះតែផ្លែបឺរជាប្រភពដ៏ប្រសើរនៃអាស៊ីត oleic និងជាតិខ្លាញ់ដែលជួយកាត់បន្ថយកម្រិតនៃជាតិកូឡេស្តេរ៉ូលមិនល្អ។ ផ្លែបឺរ​ក៏ជាប្រភពនៃវីតាមីន E ដែលអាចបញ្ឈប់អុកស៊ីតកម្មនៃកូឡេស្តេរ៉ូលផងដែរ។ ដូច្នេះចូរព្យាយាមទទួលទានផ្លែបឺរម្ខាងរាល់ថ្ងៃជាប្រចាំ ដើម្បីជៀសផុតពីបញ្ហាកម្រិតមិនល្អឡើងខ្ពស់។

៣. បន្សាបជាតិពុលពីថ្លើម

ផ្លែបឺរមានឥទ្ធិពលមិនគួរអោយជឿក្នុងការជម្រុញពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ ហើយវាក៏ធ្វើអោយប្រព័ន្ធរំលាយអាហារមានភាពប្រសើរឡើងទៀតផង។ ផ្លែបឺរក៏មានផ្ទុកសារធាតុ glutathione រួម ទាំងសារធាតុប្រឆាំងបាក់តេរីនិងអុកស៊ីតកម្មដែលជួយសម្អាតថ្លើម ក៏ដូចជាកម្ចាត់ជាតិពុល។ ហើយផ្លែបឺរក៏ជួយថ្លើមក្នុងដំណើរការបន្សាបជាតិពុល ឬបញ្ចេញជាតិពុលនិងសារធាតុគីមីគ្រោះថ្នាក់ចេញពីរាងកាយតាមរយៈទឹកនោម និងលាមកផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមទទួលទានផ្លែ ឈើនេះជាប្រចាំ។

៤. សុខភាពស្បែក

ផ្លែបឺរមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ល្អៗ! ការទទួលទានផ្លែបឺរឱ្យបាន ១ ផ្លែក្នុងមួយថ្ងៃជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូល និងគាំទ្រដល់ដំណើរការនៃការស្តារឡើងវិញរបស់កោសិកាស្បែក។ ផ្លែបឺរផ្ដល់ឱ្យរាងកាយនូវវីតាមីន C ប៉ូតាស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្ម និងអាស៊ីតហ្វូលីក។

៥. ទប់ស្កាត់ជំងឺពុកឆ្អឹង

ផ្លែបឺរក៏ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន K ដែលចាំបាច់សម្រាប់រក្សាសុខភាពឆ្អឹងដោយវាជួយបង្កើនការស្រូបយកជាតិកាល់ស្យូមរបស់រាងកាយនិងកាត់បន្ថយការបញ្ចេញកាល់ស្យូមច្រើនពេកតាមរយៈទឹកនោម។

៦. ទប់ស្កាត់ការរលាកក្នុងរាងកាយ

ផ្លែបឺរមានផ្ទុកជាតិខ្លាញ់ល្អ monounsaturated ជាតិសសៃ វីតាមីន ម៉ាញ៉េស្យូម និងប៉ូតាស្យូម ដែលជួយទប់ស្កាត់ប្រយុទ្ធប្រឆាំងការរលាកក្នុងរាងកាយបានយ៉ាងប្រសើរ។

៧. សម្រាលអាការៈមុនពេលមករដូវ

គ្រាន់តែទទួលទានផ្លែបឺរមួយចំហៀង អាការៈឈឺចាប់ពេលមករដូវនឹងបាត់ទៅវិញយ៉ាងឆាប់រហ័ស។ នោះក៏ព្រោះតែផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយជាតិសសៃ ប៉ូតាស្យូម ជាតិខ្លាញ់ល្អ និងម៉ាញ៉េស្យូមដែលជួយគ្រប់គ្រងតុល្យភាពនៃអ័រម៉ូន។

៨. បញ្ចុះសម្ពាធឈាម

ផ្លែបឺរមានផ្ទុកសម្បូរទៅដោយប៉ូតាស្យូមដែលជួយបញ្ចុះសម្ពាធឈាមបានយ៉ាងប្រសើរ។ ក្រៅពីនេះផ្លែបឺរ ក៏ជាប្រភពនៃសារធាតុ carotenoids ដែលជួយប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗច្រើនទៀតផងដែរ។

៩. សុខភាពសាច់ដុំ

ផ្លែបឺរមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ រួមជាមួយវីតាមីនC E និង K ដែលជួយរក្សាសុខភាពសាច់ដុំបានយ៉ាងប្រសើរ។

១០. ទប់ស្កាត់បញ្ហាជ្រុះសក់

ជាប្រភពដ៏ប្រសើរនៃវីតាមីន E ដែលជួយឱ្យឬសនៃសក់ធ្វើការកាន់តែមានប្រសិទ្ធិភាព និងបង្កើនចរន្តឈាមជម្រុញការលូតលាស់សក់។ វាក៏ជួយរក្សាកម្រិតតុល្យភាព PH និងជាតិប្រេងទប់ស្កាត់ភាពរាំងស្ទះដល់ការលូតលាស់នៃសក់ផងដែរ៕

ប្រភព ៖ health.com.kh

មតិយោបល់
អត្ថបទពេញនិយម