• 2016-07-04 16:10:05
  • ការអប់រំ

សិស្ស​ពូកែ​រូបវិទ្យា​មកពី​ខេត្ត​តាកែវ​ត្រៀមខ្លួន ​ដើម្បី​ប្រលង​បាក់ឌុប ឲ្យ​​បាន​និទ្ទេស​ល្អ

  • 2016-07-04 16:10:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជយលាភី​សិស្ស​ពូកែ​រូបវិទ្យា​ទូទាំង​ប្រទេស​ចំណាត់ថ្នាក់​លេខ ៩មកពី​ស្រុក​បាទី​ខេត្ត​តាកែវ​ផ្ដោត​អារម្មណ៍​ដើម្បី​ប្រលង​យក​និទ្ទេស​អោយ​បាន​ល្អ​បំផុត​តាម ​ដែល​អាច​ធ្វើ​ទៅ​បាន​នា​សម័យ​ប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ។

 

 

មាន​វ័យ១៨ឆ្នាំ ​យុវ​សិស្ស​ ស៊ាប វីរៈ​រៀន​ថ្នាក់​ទី១២ “ជ” នៃ​វិទ្យាល័យ​ប៊ុនរ៉ានី ​ហ៊ុនសែន​បាទី​ប្រាប់​Sabay ថា នៅសល់​ពេល​តែ​ជាង១ខែ​ទៀត​ទេ​នឹង​ដល់ពេល​ប្រលង​ធំ​បំផុត​ហើយ។

 

“ខ្ញុំ​ត្រូវ​ប្រឹង​រំលឹក​គ្រប់​មេរៀន​ទាំងអស់​ឡើងវិញ ​ដើម្បី​បាន​និទ្ទេស​ល្អ​មិន​ថា​មេរៀន​ទន្ទេញ​ឬ​មេរៀន​ធ្វើ​លំ​ហាត់​ទេ។ ​វីរៈ​ និយាយ។

 

ដើម្បី​សម្រេច​គោលដៅ​នេះ ​វីរៈ ​ប្រាប់ថា​ ការ​សិក្សា​តែ​ជាមួយ​លោកគ្រូ​នៅ​សាលា​មិន​គ្រប់គ្រាន់​ទេ​គឺ​ត្រូវ​ស្រាវជ្រាវ​បន្ថែម​ខ្លួនឯង​ ម៉្លោះហើយ​ វីរៈ បាន​កំណត់​ពេលវេលា​ច្បាស់លាស់​ក្នុង​សកម្មភាព​សិក្សា​ប្រចាំថ្ងៃ​ គឺ​ពី​ម៉ោង ៨យប់​ដល់​ម៉ោង ១២យប់​ជា​ពេល​ត្រូវ​ដោះស្រាយ​លំ​ហាត់​គ្រប់​មុខវិជ្ជា​វិទ្យាសាស្ត្រ​ព្រោះ​ជា​វេលា​ស្ងាត់​ល្អ។

 

 

រីឯ​មូលដ្ឋាន​នៃ​កា​ស្រាវជ្រាវ​នោះ​ យុវជន ជាសិស្សពូកែ រូបវិទ្យា ​បាន​កំណត់​យក​កត្តា​គន្លឹះបីយ៉ាង៖

ទី១. ស្វែងយល់​ពី​ឯកសារ​ប្រលង​ឆ្នាំមុន​ៗ ដើម្បី​យក​មក​ផ្ទៀងផ្ទាត់​គ្នា។

ទី២. សិក្សា​លំ​ហាត់​ថ្មី​ៗ និង

ទី៣. ស្វែងយល់​តាម​អ៊ិនធឺណេត ឬ​បណ្ដាញ​សង្គម​ជាដើម។

 

ប៉ុន្តែ​ទោះបីជា​ការសិក្សា​មុន​ការ​ប្រលង​មាន​ភាព​មមាញឹក​យ៉ាងណា​ក៏​យុវសិស្ស​កូនពៅ​ក្នុង​គ្រួសារ​មួយ​ដែល​មាន​បងប្រុស ៤នាក់​ និង​ស្រី​ម្នាក់​បាន​ប្រាប់ថា​ គាត់​ពេលខ្លះ​ក៏​ត្រូវ​ការ​បន្ធូរ​អារម្មណ៍​ដែរ​ដូចជា​ស្ដាប់​ចម្រៀង មើល​បាល់ទាត់​ជាដើម តែ​មិន​ចំណាយ​ពេល​លើសពី ៣០នាទី​ទេ។

 

និយាយ​ពី​គោលបំណង​ទៅ​អនាគត យុវ​សិស្ស​រូប​នេះ​ប្រាប់​ថា៖ ” ខ្ញុំ​ចង់​សិក្សា​ផ្នែក​វេជ្ជសាស្ត្រ តែ​បើ​មាន​ឱកាស​ និង​ឈោង​ចាប់​យក​អាហារូបករណ៍​សិក្សា​នៅ​បរទេស​វិញ។

 

 

អត្ថ​ប​ទៈ ជិន វេន

មតិយោបល់
អត្ថបទថ្មី