• 2018-06-09 04:42:53
  • ការអប់រំ

រុស្ស៊ី​រឹតត្បិត​​ខ្លាំង​ពេល​ប្រលង​ ដល់​ថ្នាក់​ឲ្យ​សិស្ស​ស្រី​ដោះ​អាវ​ទ្រនាប់​ចេញ​ ព្រោះ​ហេតុ​ផល​២

  • 2018-06-09 04:42:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រុស្ស៊ី​បាន​រឹតត្បិត​ខ្លាំង​អំឡុង​ពេល​ប្រលង​ថ្នាក់​ជាតិ រាប់​តាំង​ពី​ចាប់​ប្រ៊ុយយ៉ុង​គ្មាន​សល់​ចន្លោះ និង ឆែកឆេរ​ក្រែង​មាន​​លាក់​អាវុធ​ក្នុង​ខ្លួន​ជា​ដើម។ នេះ​បើ​តាម Mirror ទើប​បាន​ចុះ​ផ្សាយ។

ប្រទេស​ដែល​មាន​ផ្ទៃ​ដី​ធំ​បំផុត​ក្នុង​ទ្វីប​អឺរ៉ុប​មួយ​នេះ​ជឿ​ថា ការ​ធ្វើ​បែប​នេះ​ដើម្បី​ពង្រឹង​គុណភាព​បន្ទាប់​ពី​សិស្ស​ចាកចេញ​ពី​សាលា និង ការ​ត្រួតពិនិត្យ​សុវត្ថិភាព​យ៉ាង​ម៉ត់ចត់​ព្រោះ​​កន្លង​មក​មាន​ការ​វាយ​ប្រហារ​ដោយ​កាំបិត​យ៉ាង​សាហាវ​អំឡុង​ពេល​ប្រលង។

ជាក់ស្តែង សិស្ស​ស្រី​វ័យ​១៧​ឆ្នាំ​ម្នាក់​មិន​បញ្ចេញ​ឈ្មោះ ​ត្រូវ​បាន​​បង្ខំ​ឲ្យ​ដោះ​អាវ​ទ្រនាប់​ចេញ​អំឡុង​ពេល​ឆ្លងកាត់​ឧបករណ៍​ត្រួតពិនិត្យ​មុន​ពេល​ចូល​បន្ទប់​ប្រលង។ បង​ស្រី​របស់​នាង​បាន​​រិះគន់​ចំពោះ​ទង្វើ​នេះ ហើយ​ថា សន្តិសុខ​ប្រុស​២​នាក់​បង្ខំ​ឲ្យ​ប្អូន​ស្រី​នាង​ដោះ​អាវ​ទ្រនាប់​ចេញ។

បង​ស្រី​សិស្ស​ស្រី​វ័យ​១៧​ឆ្នាំ​ បាន​បន្ថែម​ថា "តើ​អាច​ឲ្យ​នាង​សរសេរ​អ្វី​កើត​ពេល​ប្រលង? នាង​មាន​ការ​តក់ស្លុត។ នាង​ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ពន្យារ​ពេល​ប្រលង​ទៀត"។ ប្រភព​ខាង​លើ​បន្ត។

ម្ដាយ​ម្នាក់​ទៀត​បាន​និយាយ​ថា "កូន​ស្រី​របស់​ខ្ញុំ​​ក៏​ប្រលង​ដែរ។ សាលា​ត្រជាក់​ខ្លាំង​ចង់​កក​អស់​ហើយ ហើយ​ពួក​គេ​ត្រូវ​នៅ​ទីនោះ​អស់​៤​ម៉ោង។ ការ​ប្រលង​នេះ​ពិត​ជា​តានតឹង​ខ្លាំង​ណាស់​សម្រាប់​សិស្ស​ទាំង​អស់ សិស្ស​ទាំង​នោះ​ខ្លះ​យំ ហើយ ខ្លះ​​គេ​​ឲ្យ​ដោះ​ខោអាវ​ចេញ​ទៀត"។ ប្រភព​ខាង​លើ​បន្ថែម។ ​

យ៉ាង​ណា​ក្អី ការ​ឆែកឆេរ និង ត្រួត​ពិនិត្យ​ដ៏​តឹងរឹង​បែប​នេះ​បាន​ក្លាយ​ទៅ​ជា​រឿង​សាមញ្ញ​ទៅ​ហើយ​នៅ​ប្រទេស​រុស្ស៊ី។ គ្រូ​បាន​ព្រមាន​សិស្ស​មិន​​ឲ្យ​ស្លៀកពាក់​សំលៀក​បំពាក់​ដែល​មាន​​ឡេវ​ដែក ឬ រូត​ដែក ដូច​គ្នា​ផង​ដែរ​នឹង​អាវ​ទ្រនាប់​ដែល​មាន​​សារធាតុ​នាំ​ឲ្យ​​ឧបករណ៍​ត្រួតពិនិត្យ​​ស្រែក​ជា​សញ្ញា​អាសន្ន​​ជា​ដើម៕

ប្រភព៖ Mirror ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់