• 2018-06-20 04:23:41
  • ការអប់រំ

សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​​ ធ្វើ​រឿង​មួយ​ធ្វើ​ឱ្យ​​និស្សិត​ខ្មែរឥស្លាម​ញញឹម​បិទមាត់​មិន​ជិត​​

  • 2018-06-20 04:23:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាច​ចាត់​ទុក​ថា​ជា​សាកលវិទ្យាល័យ​រដ្ឋ​នាំ​មុខ​មួយ ដែល​បាន​គិតគូរ​ដល់​និស្សិត​ខ្មែរ​ឥស្លាម សាកលវិទ្យាល័យ​ភូមិន្ទ​​ភ្នំពេញ​ កាល​ពី​ពេល​ថ្មី​ៗ​បាន​បើក​​​អាហារដ្ឋាន​ហាឡាល់​មួយ ​​ស្ថិត​នៅ​បរិវេណ​សាលា​តែ​ម្ដង​​​​ ដើម្បី​បម្រើ​ដល់​និស្សិត​​កំពុង​សិក្សា​​នៅ​ទីនេះ។ និស្សិត​ខ្មែរ​ឥស្លាម​ជាច្រើន​បាន​​គាំទ្រ​ និង​មាន​ភាព​រីករាយ​ជា​ខ្លាំង ខណៈ​ពីមុន​​ពួក​គេ​មាន​ការ​លំបាក​រក​ទិញ​អាហារ​បរិភោគ​។​​ ពាក្យ​ថា ​ហាឡាល់ ​(Halal)​ នៅ​ក្នុង​សាសនា​អ៊ីស្លាម ​មាន​ន័យ​ថា ​ជា​អាហារ ដែល​អនុញ្ញាត​ឲ្យ​បរិភោគ​ យោង​ទៅ​តាមច្បាប់​របស់​អ៊ីស្លាម។

ភោជនីយដ្ឋាន​ ហាឡាល់ នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (រូបភាព​ផ្ដល់​ឲ្យ)

កញ្ញា ពូក្រី វ៉ានីតា និស្សិត​អក្សរសាស្ត្រ​ខ្មែរ​សិក្សា​​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​បង្ហាញ​អារម្មណ៍​រីករាយ​ ដែល​​សកលវិទ្យាធិការ​ភូមិន្ទ​ភ្នំពេញ អនុញ្ញាត​ឱ្យ​មាន​អាហារដ្ឋាន ហាឡាល់​នេះ​ឡើង។ កញ្ញា​បន្តថា អាហារដ្ឋាន​នេះ ជួយ​សម្រួល​ច្រើន​ដល់​និស្សិត​ខ្មែរ អ៊ីស្លាម ខណៈ​ពី​មុន​កញ្ញា​​តែង​ព្រួយ​បារម្ភ​ចំពោះ​មុខ​ម្ហូប​អាហារ ដែល​ខ្លួន​ជ្រើស​រើស​អាច​នឹង​ប៉ះពាល់​ដល់​បម្រាម​​សាសនា។ “ថ្ងៃ​ណា​មិន​បាន​ដាក់​បាយ​ពី​ផ្ទះ​​មក​ញ៉ាំ​ ខ្ញុំ​តែង​មាន​អារម្មណ៍​ស្ទាក់ស្ទើរ​ ដូច​ជា​ពេល​ខ្លះ​ទិញ​ sandwich យក​មក​​ញ៉ាំ​តែង​ខ្លាច​ប៉ះពាល់​បម្រាម​​ តែ​ពេល​នេះ​​លែង​បារម្ភ​ហើយ”។

សូមចុចអាន៖ មក​ស្គាល់​សាកលវិទ្យាល័យ​រដ្ឋ​ល្បីៗ​បំផុត​នៅ​ភ្នំពេញ និស្សិតប្រាថ្នា​ចង់​រៀន​គ្រប់​ជំនាន់

និស្សិត​ ហ៊ីម ម៉ើសៀក រៀន​ផ្នែក​ទេសចរណ៍ នៅ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​ក៏បាន​បង្ហាញ​អារម្មណ៍​រីករាយ​ និង​ភាព​ងាយ​ស្រួល​ច្រើន​ជាមុន ក្នុង​ការ​ជ្រើសរើស​អាហារ​បរិភោគ​។ “ពេល​នេះ​ខ្ញុំ​គ្មាន​ការ​ស្ទាក់ស្ទើរ​ថា ប៉ះពាល់​ជាមួយ​សាច់​ជ្រូក រឺ​ខ្លាញ់​ជ្រូក​ដូច​មុន​ទៀត​នោះ​ទេ ព្រោះ​នេះ គឺជា​ប្រភេទ​អាហារ​ដែល​មា​ន​ការ​ទទួល​ស្គាល់​ និង​អាច​ជឿ​ទុក​ចិត្តបាន​”។

កញ្ញា លី ស៊ីនី ម្ចាស់​អាហារដ្ឋាន​ហាឡាល់ ដែល​មាន​ទីតាំង​ស្ថិត​នៅ​បរិវេណ​សាកលវិទ្យាល័យ​​ភូមិន្ទ​ភ្នំពេញ​ឱ្យ​​ដឹង​ថា​​ ដោយ​​មើល​ឃើញ​ពី​ការ​លំបាក​របស់​និស្សិត​ខ្មែរឥស្លាម និង​មាន​កិច្ច​សហការ​​​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ទើប​អាហារដ្ឋាន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​និស្សិត​ទាំងអស់​ ខណៈ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​មាន​និស្សិត​ខ្មែរ​ឥស្លាម ​ជាង ២០០នាក់​កំពុង​សិក្សា​​។ ​

អាហារដ្ឋាន​មួយ​នេះ​ក៏​បាន​ផ្ដល់​ឱកាស​ការងារ​ក្រៅ​ម៉ោង សម្រាប់​សិស្ស​និស្សិត​ទទួល​បាន​ប្រាក់​កម្រៃ​មួយ​ចំនួន​ផង​ដែរ​។ “ពេល​​អាហារដ្ឋាន​នេះ​មិន​ទាន់​កើ​ន​ឡើង ​គឺ​ខ្ញុំ​មាន​ការ​លំបាក​បរិភោគ​ណាស់​ ព្រោះថា ទោះ​បី​យើង​ញ៉ាំ​ទាំង​បង្ខំ​ក៏ដោយ​ក៏​យើង​អត់​ស្រលះ​ក្នុង​ចិត្ត​ដែរ”។ នេះ​គឺជា​ការ​លើក​ឡើង​របស់​យុវជន លីម អាសសាគីម និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ អាសសាគីម ឱ្យ​ដឹង​ទៀត​ថា លោក​សកលវិទ្យាធិការ​ភូមិន្ទ​​​ភ្នំពេញ​ក៏បាន​ផ្ដល់​ជា​បន្ទប់​សម្រាប់​និស្សិត​ខ្មែរឥស្លាម​​គោរព​បូជា​ផង​ដែរ។ “នេះ​គឺជា​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​និស្សិត​ខ្មែរ​​ ឥស្លាម​​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​សាកលវិទ្យាល័យ ដែល​មិន​ត្រឹម​គិតគូរ​បង្កើត​កម្មវិធី​ផ្សេងៗ​ទេ ប៉ុន្តែ​ថ្មីៗ​នេះ​បាន​​ផ្ដល់​បន្ទប់​សម្រាប់​គោរព​បូជា​ទៀត​​​”។

សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ មាន​ការ​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​សិស្ស​និស្សិត ខ្មែរ​អ៊ីស្លាម​ជាខ្លាំង។ ក្រៅពី​ការ​អនុញ្ញាត​ឱ្យ​ មាន​អាហារដ្ឋាន ហាឡាល់ ក្នុង​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សកលវិទ្យាល័យ​ក៏បាន​ផ្ដល់​ជា​បន្ទប់​ត្រឹមត្រូវ សម្រាប់​សិស្ស​និស្សិត​ខ្មែរ អ៊ីស្លាម គោរព​បូជា ផងដែរ៕

បន្ទប់​សម្រាប់​ខ្មែរ អ៊ីស្លាម គោរព​បូជា

អត្ថបទ៖ សុផល

មតិយោបល់
អត្ថបទពេញនិយម