• 2018-07-23 06:33:42
  • ការអប់រំ

រឿងសំខាន់៧យ៉ាង អ្នកត្រូវចាប់ឲ្យជាប់ នៅអាយុខ្ទង់២០ឆ្នាំ

  • 2018-07-23 06:33:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​ជីវិត​មនុស្ស​​មាន​មួយ​ដំណាក់កាលៗ ហើយ​វា​តែង​មាន​រឿង​សំខាន់​ដូច​គ្នា​ដែល​អ្នក​ត្រូវ​ចេះ​ក្ដាប់​យក ព្រោះ​បើ​ហួស​ហើយ​អ្នក​មិន​អាច​ហៅ​ពេលវេលា​ឲ្យ​ត្រឡប់​ក្រោយ​ទេ។ ទាំង​នេះ​ជា​រឿង​សំខាន់ ៧យ៉ាង​ដែល​អ្នក​ត្រូវ​ចាប់​ឲ្យ​ជាប់​ នៅ​វ័យ​​ខ្ទង២០​ឆ្នាំ ៖

១. រីករាយ​ជា​មិត្តភក្តិ​ជិតស្និទ្ធ

វ័យ​ ២០​ឆ្នាំ​គឺ​កំពុង​ពេញ​រាប់​អាន​គ្នា​ហើយ ម្យ៉ាង​ទៀត​អ្នក​មាន​​ពេល​វេលា​ច្រើន​ទៅ​លើ​មិត្តភាព ដូច្នេះ​គួរ​​តែ​ចំណាយ​ពេល​នេះ​រីករាយ ជាមួយ​មិត្តភក្តិ​អ្នក​ឲ្យ​បាន​ច្រើន។ ពេល​អ្នក​មាន​ការងារ​ច្រើន​ឬ​មាន​គ្រួសារ ការ​ជួបជុំ និង​មាន​ពេល​រីករាយ​នោះ​នឹង​ត្រូវ​កាត់​បន្ថយ ឬ​អាច​គ្មាន​តែ​ម្ដង​ បែប​នេះ​ហើយ​កុំ​ឲ្យ​ពេល​វេលា​កន្លង​ទៅ​ដោយ​អត់​ន័យ​អី។

រូបតំណាង

២. ការ​ដើរ​កម្សាន្ត

វ័យ​ខ្ទង់​២០​គឺ​ពេញ​កម្លាំង ពេញ​សប្បាយ និង​ពេញ​ចង់​ស្គាល់​អី​ថ្មី អី​ដែល​ប្លែក​ហើយ ដូច្នេះ​អ្នក​គួរ​តែ​ចំណាយ​ពេល​ដើរ​លេង​ឲ្យ​បាន​ច្រើន ដើម្បី​រៀន​សូត្រ និង​ស្វែង​យល់​ពី​ជីវិត​ឲ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​បាន។ នេះ​មិន​មែន​ដើរ​លេង​អត់​ប្រយោជន៍​ទេ​ តែ​ជា​ការ​លំហែ​ខួរក្បាល ស្វែងយល់ និង​រៀន​អ្វី​ដែល​ថ្មី​ៗ។

៣. ឱកាស​រស់​នៅ​ក្រៅ​ប្រទេស

បើ​អ្នក​មាន​ឱកាស​អាច​ទៅ​រស់​នៅ​ក្រៅ​ប្រទេស ឬ​ជាប់​អាហារូបករណ៍​ទៅ​ក្រៅ​នោះ អ្នក​មិន​គួរ​បោះចោល​ឱកាស​នោះ​ទេ។ ត្រូវ​ចាប់​ឱកាស​ឲ្យ​ជាប់ ហើយ​ទៅ​ក្រេប​យក​​បទពិសោធន៍​ជីវិត​នៅ​ស្រុក​គេ និង​រៀន​សូត្រ​ពី​អ្វី​ដែល​ល្អៗ ដើម្បី​យក​មក​អភិវឌ្ឍ​ខ្លួន​ឯង។

រូបតំណាង

៤. បំពេញ​បំណង​ខ្លួន​ឯង

វ័យ​នេះ​​គួរ​តែ​ជា​វ័យ​ដែល​អ្នក​អាច​ស្វែង​យល់​ពី​ខ្លួន​ឯង និង​ដឹង​ថា​អ្វី​ដែល​ខ្លួន​ចង់​បាន ដោយ​រស់​នៅ​ក្នុង​ភាព​ស្រស់​ស្អាត​បែប​យុវវ័យ​មួយ។ អ្នក​មិន​គួរ​ឃុំ​ខ្លួន​ឯង​ដោយសារ​ពាក្យ​អ្នក​ដទៃ​ទេ ព្រោះ​បើ​ផុត​ពី​វ័យ​នេះ​ទៅ​អ្នក​នឹង​អាច​ស្ដាយ​ក្រោយ​ដែល​អ្នក​មិន​អាច​បំពេញ​បំណង​ខ្លួន​ឯង​បាន រហូត​ជ្រុល​វ័យ។

៥. អភ័យទោស​ឲ្យ​ខ្លួន​ឯង

យុវវ័យ​ភាគ​ច្រើន​ទៅ​ហើយ​តែង​មាន​កំហុស ពេល​ខ្លះ​កំហុស​នោះ​តោង​ទាម​រហូត​បំផ្លាញ​អនាគត​ទៀត​ផង។ អ្វី​ដែល​ប្រសើរ​ក្នុង​វ័យ​ ២០​ឆ្នាំ បើ​អ្នក​ធ្លាប់​មាន​កំហុស​អី​ដែល​ធ្វើ​ឲ្យ អ្នក​ឈឺចាប់ ស្ដាយ​ក្រោយ​នោះ គួរ​តែ​អភ័យទោស​ឲ្យ​ខ្លួន​ឯង​ទៅ។ ចាប់​ផ្ដើម​ជា​ថ្មី​នៅ​វ័យ​បន្ទាប់​នេះ ព្រោះ​ខ្សែ​ជីវិត​នៅ​វែង​អន្លាយ​ទៀត មិន​អាច​ឃុំ​ខ្លួន​ឯង​ក្នុង​អតីតកាល​នោះ​ទេ។

៦. លះ​បង់​ស្នេហា​បែប​ឆ្កួត​ឡប់​ចោល

វ័យ​ ២០​ស្ដើង​អ្នក​អាច​ជួប​មនុស្ស​ជាច្រើន ហើយ​ពេល​ខ្លះ​អាច​ជ្រុល​ខ្លួន​ក្នុង​ទំនាក់ទំនង​បែប​អត់​ន័យ​ក៏​មាន។ យ៉ាង​ណា​ក៏​ដោយ​បើ​អ្នក​ដឹង​ថា​ខ្លួន​ឯង​កំពុង​ជ្រុល​ខ្លួន​ជាមួយ​ស្នេហា​អត់​ប្រយោជន៍​ហើយ​នោះ គួរ​តែ​លះបង់ និង​ដក​ខ្លួន​ទៅ។ បើ​អ្នក​បន្ត​ឲ្យ​វា​នៅ​ជាមួយ​អ្នក​រហូត​ដល់​ផុត​វ័យ​ខ្ទង់ ២០​នោះ អ្នក​នឹង​ស្ដាយ​ក្រោយ។

រូបតំណាង

៧. ក្រេប​យក​ចំណេះ​ដឹង

វ័យ​ប៉ុណ្ណេះគឺ​ខួរក្បាល​ល្អ​ណាស់​ ឆាប់​ចាប់​បាន រៀន​អី​ក៏​ចេះ រៀន​អីក៏​ចាំ​ដែរ ដូច្នេះ​គួរ​តែ​ត្រូវ​ព្យយាម​រៀន​ឲ្យ​បាន​ច្រើន។ បើ​វ័យ​នេះ​អ្នក​ចេះ​កាន់​តែ​ច្រើន ឱកាស​អ្នក​ក៏​កាន់​តែ​ច្រើន​ដែរ ហើយ​ទៅ​មុខ​ទៀត​ឱកាស​ជោគជ័យ​អ្នក​កាន់​តែ​ទទួល​បាន៕

ចុចអាន៖

ប្រែ​សម្រួល៖ ផេង ផលធិតា

មតិយោបល់