• 2018-10-16 03:25:31
  • ការអប់រំ

កូនខ្មែរចាំគ្មានថ្ងៃភ្លេច! ជនបរទេស២រូប លះបង់យ៉ាងធំធេងដើម្បីជួយខ្មែរ រហូតដល់អស់ជីវិត

  • 2018-10-16 03:25:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​លះ​បង់​ទ្រព្យ​សម្បត្តិ​ លុយ​កាក់ មាស​ប្រាក់ ពេល​វេលា កម្លាំង​កាយ និង​កម្លាំង​ចិត្ត​ពី​សំណាក់​ជនជាតិ​ដទៃ មក​កាន់​ប្រជាជន​កម្ពុជា​គឺ​ជា​រឿង​គួរ​ឱ្យ​ស្ងប់ស្ងែង​បំផុត រក​អ្វី​ប្រៀប​ផ្ទឹម​មិន​បាន។ ថ្ងៃ​នេះ​ Sabay សូម​បង្ហាញ​មុខ​ជន​បរទេស​២ ក្នុង​ចំណោយ​ជន​បរទេស​ដែល​មាន​ចិត្ត​សម្បុរស​ផ្សេង​ទៀត ​រូប​ធ្លាប់​លះបង់​យ៉ាង​ធំធេង​មក​កាន់​កម្ពុជា ដោយ​ចេញ​ពី​ក្ដី​ស្រឡាញ់ និង​មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ​មិន​អាច​កាត់​ថ្លៃ​បាន រហូត​ដល់​លោក​អស់​ជីវិត។

១. លោក​វេជ្ជបណ្ឌិត Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា

បន្ទាប់​ពី​ទទួល​បាន​បរិញ្ញាបត្រ​វេជ្ជសាស្ត្រ ក្នុង​ឆ្នាំ១៩៧៣ លោក​វេជ្ជបណ្ឌិត Beat Richner ធ្វើជាអ្នកឯកទេសថែរទាំកុមារ នៅឯមន្ទីរពេទ្យកុមារនៅហ៉្សូរ៉ិច ប្រទេស​ស្វ៊ីស។ បន្ទាប់មក​ លោក រិចន័រ​បាន​ធ្វើការ​អោយ​កាកបាទក្រហមស្វីស និង​ត្រូវ​បាន​បញ្ជូន​មក​ប្រទេស​កម្ពុជាជា​ទី​ដែល​លោក​បាន​ធ្វើការ​នៅ​មន្ទីរពេទ្យ គន្ធបុប្ផាទីក្រុង​ភ្នំពេញចន្លោះ​ឆ្នាំ​១៩៧៤ និង​ឆ្នាំ​១៩៧៥។

គួរ​ឲ្យ​សោកស្ដាយ ក្នុង​ឆ្នាំ១៩៧៥ ​ខ្មែរ​ក្រហមបាន​កាន់កាប់​ប្រទេស​កម្ពុជា លោក​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាកចេញ​ទៅ​ប្រទេស​ស្វីសវិញ​ហើយ​ក៏​បាន​​បន្ត​ការងារ​របស់​លោក​នៅ​ទីក្រុងហ៉្សូរ៉ិច។

ក្នុង​ឆ្នាំ ១៩៩២ លោក​វេជ្ជបណ្ឌិត​បាន​ត្រឡប់​មក​កម្ពុជា​និង​បាន​ឃើញ​ការ​បំផ្លិចបំផ្លាញ​យ៉ាង​ធ្ងន់​ធ្ងរ​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ។ដោយ​សារ​ហេតុផល​ចង់​ឃើញ​មន្ទីរពេទ្យ​នេះ​ដំណើរការ​ឡើង​វិញ​លោក​ក៏​បើក​និង​សាងសង់​មន្ទីរពេទ្យ​គន្ធបុប្ផា​ឡើងវិញ​នៅ​ពេល​នោះ។

មន្ទីរពេទ្យ​មាន​សាខា​ចំនួន​៤ នៅ​រាជធានី​ភ្នំពេញ ដែលបានបង្កើតឡើងដោយ លោកវេជ្ជបណ្ឌិត បេអាត​ រិចន័រ។  ក្នុង​នោះ​រួមមាន៖

  • គន្ធបុប្ផា​ទី​១ កសាង​នៅ​ឆ្នាំ​១៩៩២

  • គន្ធបុប្ផា​ទី​២ កសាង​នៅ​ឆ្នាំ​១៩៩៦

  • គន្ធបុប្ផា​ទី​៣ កសាង​នៅ​ឆ្នាំ​២០០៥

  • គន្ធបុប្ផា​ទី​៤ កសាង​នៅ​ឆ្នាំ​២០០៧

ចំណែក​នៅ​ខេត្ត​សៀមរាប លោកវេជ្ជបណ្ឌិត Beat Richner បាន​កសាង​មន្ទីរពេទ្យ ជយវរ្ម័ន ទី៧ ក្នុង​ឆ្នាំ​១៩៩៩។

លោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាពក្នុងជន្មាយុជន្មាយុ៧១ឆ្នាំ នៅប្រទេសស្វីស ដែល​ជា​ប្រទេស​កំណើត​របស់​លោក បន្ទាប់​ពី​លោក​វេជ្ជបណ្ឌិត​បាន​ធ្លាក់​ខ្លួន​ឈឺ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ។ ការ​បាត់បង់​បិតា​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​សោក​សង្រេង និង​ស្រណោះ​ជា​ពន់​ពេក​ នូវ​ការ​លះ​បង់​ដ៏​ធំធេង​របស់​លោក​វេជ្ជ​បណ្ឌិត​មក​លើ​កូន​ខ្មែរ។

ទោះបី​ជា​លោក​វេជ្ជបណ្ឌិត បាន​ឃ្លាត​ឆ្ងាយ​លែង​វិល​ត្រឡប់ តែ​កូន​ខ្មែរ​គ្រប់រូប​នៅ​តែ​ចងចាំ​មិន​ភ្លេច ចំពោះ​ការ​លះ​បង់​ទាំង​កម្លាំង​កាយ ទាំង​ថវិកា និង​តែង​រិះរក​គ្រប់​វិធី ដើម្បី​ប្រមូល​មូលនិធិ​មន្ទីរ​ពេទ្យ​មួយ​នេះ​ឲ្យ​ដំណើរ​ការ​រហូត​មក​ដល់​សព្វ​ថ្ងៃ។

ក្នុង​រយៈពេល​ប្រមាណ​ជាង​២៥​ឆ្នាំ​មកនេះ មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ចំណាយ​ថវិកា​អស់​ ៦៣២លាន​ដុល្លារ ក្នុង​ការ​ផ្ដល់​សេវា​ព្យាបាល​ជំងឺ​ដល់​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ដោយ​ឥតគិតថ្លៃ។ ថវិកា​ទាំងនោះ​បាន​មកពី​រដ្ឋាភិបាល​ស្វីស ពី​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ព្រមទាំង​មួយ​ចំណែក​ទៀត​មក​ពី​រដ្ឋាភិបាល​កម្ពុជា។ បុរស​ចិត្តធម៌​រូប​នេះ ក៏​តែង​លេង​ឧបករណ៍​សេឡូ ជា​មធ្យោបាយ​ក្នុង​ការ​ស្វែងរក​ថវិកា​ជួយ​ទ្រទ្រង់​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ។

២. លោក Christian ស្ថាបនិក​អង្គការ PSE (POUR UN SOURIRSD'ENFANT)

ក្នុង​ឆ្នាំ​ ១៩៩៥ Christian និង Marie-France des Pallières បាន​មក​បំពេញ​បេសកកម្ម​មនុស្ស​ធម៌​នៅ​ប្រទេស​កម្ពុជា ក្រោយ​ពេល​ដែល​អ្នក​ទាំង​ពីរ​បាន​ចូលនិវត្តន៍​នៅ​ប្រទេស​បារាំង​។ ប៉ុន្តែ​មួយ​ថ្ងៃ​មុន​ពេល​អ្នក​ទាំង​ពីរ​ចេញ​ទៅ​មាន​ក្មេង​ប្រុស​តូច​គួរ​ឱ្យ​អាណិត​ម្នាក់​នៅ​តាម​ដង​ផ្លូវ​បាន​បង្ហាញ​ប្រាប់​ពី​កន្លែង​ដែល​គាត់​រស់​នៅ​។នេះ​ជា​អ្វី​ដែល​អ្នក​ទាំង​ពីរ​បាន​ឃើញ​កន្លែង​ចាក់​សំរាម​ដ៏​សំខាន់​នៅ​ជាយ​ក្រុង​រាជធានីភ្នំពេញ ហើយ​ក៏​ឃើញ​កុមារ​កម្ពុជា​ច្រើន​កំពុង​រស់​នៅ​គួរ​ឲ្យ​អាសូរ។

លោក​Christian និង​ភរិយា​ Marie

លោក​Christian និង​ភរិយា​ Marie​មាន​ការ​តក់ស្លុត​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ដែល​បាន​ឃើញ​ហើយ​ក៏​ផុស​គំនិត​មួយ​គិត​ថា «អ្នក​មិន​អាច​មើល​ឃើញ​រឿង​បែប​នេះ​ហើយ​បន្ត​រស់​នៅ​យ៉ាង​មាន​ក្ដី​សុខ ​បែប​នេះ​បាន​ទៀត​ទេ»។

ក្រោយ​មក​ពីរ​នាក់​ប្ដី​ប្រពន្ធ​ខាង​លើ​ក៏​បាន​លះបង់​រឿង​គ្រប់​យ៉ាង​ទាំង​អស់​ ដែល​នៅ​ពី​ក្រោយ​ខ្នង ហើយ​ចាប់​ផ្ដើម​ជីវិត​ថ្មី​មួយ​នៅ​រាជធានី​ភ្នំពេញ ក្នុង​ក្ដី​សង្ឃឹម​មួយ​ថា​នឹង​មិន​ឲ្យ​ស្ថាន​ភាព​បែប​នេះ​កើត​ឡើង​ចំពោះ​កុមារ​កម្ពុជា​ទៀត​ទេ។ បន្ទាប់​មក​អ្នក​ទាំង​ពីរ​បាន​យក​ប្រាក់​កាស​សល់​ពី​ការ​សន្សំ​ទិញ​អាហារ​ឆ្ងាញ់ៗ និង​ចាប់​ផ្ដើម​ផ្ដល់​ជំនួយ​ជា​លើក​ដំបូង​ដល់​កុមារ​នៅ​កន្លែង​ចាក់​សំរាម។ ក្នុង​ឆ្នាំ១៩៩៦ លោក​ Christian និង​ភរិយា​ ចាប់​ផ្ដើម​ជួល​អគារ​មួយ និង​ផ្ដល់​កន្លែង​ស្នាក់​នៅ​ដល់​កុមារ​តូច​ៗ​ចំនួន 60 នាក់។ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​មាន​សិស្ស​ជាង ៧០០០នាក់ មាន​អាយុ​ពី៦ ដល់ ២០ឆ្នាំ​ត្រូវ​បាន​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​ក្នុង​សាលា PSE ។ នេះ​បើ​តាម​គេហទំព័រ​ផ្លូវ​ការ​របស់​សាលា​មួយ​នេះ។

PSE គឺ​កើត​ឡើង​ចេញ​ពី​បេះដូង និង​មនោសញ្ចេតនា​ មិន​អាច​កាត់​ថ្លៃ​បាន​របស់​ប្ដីប្រពន្ធ​ជនជាតិ​បារាំង​មួយ​គូ​នេះ។ អ្នក​ទាំង​ពីរ​បាន​រៀបការ​រយៈពេល​ជាង ៥០​ឆ្នាំ​មក​ហើយ និង​មាន​កូន​ពេញ​វ័យ​ចំនួន​បួន​នាក់។ ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ​លោក​ក​Christian បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ​ដោយ​ជរាពាធ​។

សាលា​PSE​ គឺ​ជា​អនុស្សាវរីយ៍​២០ឆ្នាំ​ចុង​ក្រោយ​របស់អ្នកទាំងពីរ ជំនួស​ឱ្យ​ការ​ចូល​និវត្តន៍​ដ៏​សុខសាន្ត​នៅ​បារាំង៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់