- 2018-10-16 04:10:09
- ការអប់រំ
អតីតនិស្សិតអាហារូបករណ៍មួយរូប បង្ហើបគន្លឹះជោគជ័យ ទាំងការសិក្សា និងការងារ
- 2018-10-16 04:10:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតនិស្សិតអាហារូបករណ៍មួយរូប បង្ហើបគន្លឹះជោគជ័យ ទាំងការសិក្សា និងការងារ
ចន្លោះមិនឃើញ
ជាអ្នកគ្រប់គ្រងវ័យក្មេងមួយរូបនៅក្រុមហ៊ុន Delsp Group ដែលជាក្រុមហ៊ុននាំមុខលើការវិនិយោគផ្នែកអចលនៈទ្រព្យ និងសេវាកម្មផ្សេងៗលំដាប់អន្តរជាតិ លោក ឆិល ភីរុន បានចែក រំលែកនូវ បទពិសោធន៍ និងចំណុចគន្លឹះមួយចំនួននាំទៅរកភាពជោគជ័យទាំងការសិក្សា និងការងារ។
សូមចុចអាន៖ ល្អខ្លាំង! សិស្សថ្នាក់ទី១១ ឡើង១២ ក៏អាចស្នើសុំអាហារូបករណ៍ទៅរៀនចិនបានដែរ
អតីតនិស្សិត ថ្នាក់បរិញ្ញាបត្រផ្នែកសំណង់ស៊ីវិល នៃសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិនរូបនេះ ចែករំលែកថា ការដាក់សំពាធខ្លួនឯង តាមរយៈការគោរព និងបែងចែកពេលវេលាច្បាស់ និងមានការអំណត់ព្យាយាម បានធ្វើឱ្យលោកមើលឃើញ នូវចំណុចប្រែប្រួលខ្លាំងទាំងការសិក្សា និងការងារ។ កាលរៀននៅបឋមសិក្សា និងអនុវិទ្យាល័យ លោកមិនមែនជាសិស្សរៀនពូកែ និងឱ្យតំលៃពេលវេលានោះទេ។ ប៉ុន្តែបន្ទាប់ពីមានការជំរុញ និងគាំទ្រពីក្រុមគ្រួសារមកបានធ្វើឱ្យលោកក្លាយ ជាសិស្សពូកែ និងបានប្រលងជាប់ សញ្ញាបត្រ មធ្យមសិក្សាបាក់ឌុបជាប់និទ្ទេស B អំឡុងឆ្នាំ២០១១។
បន្ទាប់មកប្រលងជាប់អាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិនជំនាញសំណង់ស៊ីវិល។ “អញ្ចឹងចាប់តាំងពីរៀនបឋម ដល់វិទ្យាល័យថ្នាក់ទី១០ ទី១១ ខ្ញុំមិនមានប្រវត្តិសិក្សាល្អទេ ប៉ុន្តែបន្ទាប់ពីខ្ញុំ បានឡើងមករៀនត្រៀមប្រលងបាក់ឌុបនៅភ្នំពេញមកធ្វើឱ្យខ្ញុំមានអារម្មណ៍ល្អ និងតាំងចិត្តសិក្សាតាមរយៈការបែងចែកពេលវេលា សិក្សារហូតទទួលបាននិទ្ទេស B”។
មែនទែនទៅ ភីរុន មិនមែនធំដឹងក្ដីក្នុងគ្រួសារ ដែលមានជីវភាពធូរធារនោះទេ។ ឪពុក-ម្ដាយលោកគឺជាគ្រូបង្រៀន ធ្វើស្រែចម្ការ និងលក់ដូរបន្តិចបន្តួច ដើម្បីចិញ្ចឹមកូនបីនាក់ ខណៈលោកគឺជាកូនច្បងក្នុងគ្រួសារ។ ភីរុន ក៏ធ្លាប់ជួយម្ដាយទួលនំលក់ ដើម្បីដោះស្រាយជីវភាពគ្រួសារផងដែរ។ ប៉ុន្តែ ដោយមានការជួយជ្រោមជ្រែងពីក្រុមគ្រួសារ និងសាច់ញាតិទើបមកបន្តការសិក្សារយៈពេលខ្លីនៅភ្នំពេញ ដើម្បីត្រៀមប្រលងបាក់ឌុប។
“ជាងពីរខែដែលខ្ញុំឡើងមករៀនត្រៀមនៅសាលាជ័យថាវី គឺខ្ញុំបានរៀនសារឡើងវិញទាំងអស់បើថា រូប គីមី គណិត និងជីវៈជាដើម បើមិនច្បាស់ គឺខ្ញុំត្រូវស្រាវជ្រាវចាប់ពីថ្នាក់ទឺ៨ ឬ ទី៩មក រៀនទាំងមុននឹងក្រោយ ទាំងយប់ទាំងថ្ងៃ។ ខ្ញុំប្រឹងស្រាវជ្រាវ និងដើររកសៀវភៅស្ទើរគ្រប់បណ្ណាល័យទាំងអស់នៅភ្នំពេញ។ខ្ញុំមានមិត្តភ័ក្ដិជិតស្និទ្ធ ដែលអាចពិភាក្សាគ្នាបាន និងបានមើលទាំងទ្រឺស្តី និងការអនុវត្តផ្ទាល់”។
ភីរុន បានចាកចេញឆ្ងាយពីទីកន្លែងកំណើតនៅក្រុងដូនកែវ ខេត្តតាកែវ ក្រោយប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជាប់ ដើម្បីបន្តការសិក្សានៅភ្នំពេញ ពិសេសសម្លឹងមើលឱកាសដាក់ពាក្យប្រលងយកអាហារូបករណ៍ទៅសិក្សានៅបរទេស។ ហេតុផល ចង់បានអាហារូបករណ៍សិក្សានៅបរទេស ព្រោះចង់បានចំណេះ ជំនាញ និងបទពិសោធន៍ថ្មីៗ ពិសេសមិនចង់ក្លាយជាបន្ទុកចំណាយសម្រាប់គ្រួសារអំឡុងពេលសិក្សានៅភ្នំពេញ។ “ដូចបងដឹងស្រាប់ឪពុក-ម្តាយខ្ញុំ ជាគ្រូបង្រៀនមិនមានលទ្ធភាពគ្រប់គ្រាន់ផ្គត់ផ្គង់ការសិក្សាខ្ញុំបានល្អ ដូចការទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសឡើយ”។
ភីរុន បានប្រលងជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសចិននៅសាកល វិទ្យាល័យ Beijing University of Technology ជំនាញសំណង់ស៊ីវិល ដោយត្រូវចំណាយពេលសិក្សារយៈពេល៥ឆ្នាំនៅទីនោះ។ “ពេលជាប់អាហារូបករណ៍ដំបូង ខ្ញុំហាក់មានសំពាធ ដោយសារក្រុមគ្រួសារ ពិសេសឪពុកម្ដាយគាត់មិនចង់ឱ្យទៅឆ្ងាយ។ ម្យ៉ាងត្រូវខាតមួយឆ្នាំចោលទទេនៅខ្មែរ។ ខ្ញុំបានប្រលងជាប់នៅសាលាតិចណូរៀនបានមួយឆ្នាំ។ ប៉ុន្តែបានពូខ្ញុំគាត់គាត់ឱ្យយោបល់ថាគួរតែទៅរៀន បើមិនចេះអី ក៏អាចចេះភាសាចិនមួយទុកគ្រាន់ប្រើការថ្ងៃក្រោយដែរ”។
ការសិក្សានៅបរទេសជាឱកាសមាសមួយអាចឱ្យ ភីរុន ផ្ដោតអារម្មណ៍តែមួយលើការសិក្សា បើទោះជាត្រូវឃ្លាតឆ្ងាយពីអ្នកមានគុណទាំងពីរ យ៉ាងណា។ ភីរុន អាចសម្របខ្លួនទាំងការហូបចុក និងស្នាក់នៅប្រទេសចិនបានយ៉ាងល្អ ប៉ុន្តែក៏មាននូវបញ្ហាប្រឈមតិចតួចដែរ គឺការប្រើប្រាស់ភាសា។ "នៅឆមាសដំបូងខ្ញុំមានការលំបាកខ្លាំងលើការប្រើប្រាស់ភាសាចិន ប៉ុន្តែបន្ទាប់ពីការខិតខំប្រឹងប្រែង និងព្យាយាមខ្ញុំអាចរៀនទាន់គេ ព្រោះភាសាចិនពិបាករៀន"។
ភីរុន ហាក់មានជំនឿចិត្តខ្ពស់លើសមត្ថភាពរបស់ខ្លួន នៅឆមាសបន្ទាប់បានប្រឹងរៀនបាននិទ្ទេសល្អ លើសសិស្សរួមជំនាន់ ដែលមានគ្នាចន្លោះពី ៤០០នាក់ ទៅ៥០០នាក់ និងបានចាត់ទុកថា ខ្លួនមិនមែនជាអ្នកឆ្លាតវៃនោះទេ ប៉ុន្តែវាបានផ្តើមចេញពីការខិតខំប្រឹងប្រែងព្យាយាម ការបែងចែក និងគ្រប់គ្រងពេលវេលាច្បាស់លាស់។
“ខ្ញុំបានទទួលសញ្ញាបត្រពីរ ទី១ ចំណាត់ថ្នាក់ទី ៣ និងទី២ គឺការរៀនមិនដែលអវត្តមានទាល់តែសោះ។រៀននៅចិនខ្ញុំកាន់តែមើលឃើញច្បាស់ថា ពេលវេលា គឺមានតម្លៃណាស់។ បើមិនចេះបែងចែកពេលវេលាទេ ធ្វើការងារអ្វីក៏មិនទាន់គេដែរ។ អ្វីៗគឺត្រូវរត់ទាំងអស់ រយៈពេលមួយម៉ោងត្រូវរត់ឆ្លៀតមកទិញ និងធ្វើម្ហូបញ៉ាំ ដោយសារនៅឆ្នាំទី១ ខ្ញុំត្រូវរៀនបីពេលគឺពេលព្រឹក រសៀល និងយប់”។
ក្រៅពីប្រឹងប្រែងរៀនសូត្រ ភីរុន ក៏ឆ្លៀតពេល ជួយសម្របសម្រួលដល់និស្សិតខ្មែរដទៃទៀត ដែលបានជាប់អាហារូបករណ៍មកសិក្សានៅប្រទេសចិនផងដែរ។ ពេលមកដល់ដំបូងអ្នកទាំងនោះ មិនដឹងថា ត្រូវទៅណា បន្ទាប់ពីមកដល់ប្រលានយន្តហោះព្រោះថា នៅប្រទេសចិន ក្សត់បំផុតអ្នកចេះប្រើប្រាស់ភាសាអង់គ្លេស ។
“នេះគឺជាការងារមួយ ដែលខ្ញុំត្រូវតែជួយ ដោយមិនសម្លឹងមើលលើផលប្រយោជន៍តបមកវិញ ព្រោះយើងជាខ្មែរដូចគ្នា ត្រូវតែជួយគ្នា។ អញ្ចឹងនៅពេលមាននិស្សិតថ្មីមកដល់ខាងសាលាគេតែងផ្តល់ដំណឹងដល់យើង ឱ្យជួយសម្របសម្រួល។ ត្រូវនាំគាត់មកកាន់សាលា ប្រាប់គាត់កន្លែងស្នាក់នៅណា? កន្លែងញ៉ាំបាយ ឬទិញម្ហូបនៅណាជាដើម”។
ក្រៅពីកិច្ចការងារជួយសម្របសម្រួលពេលមកប្រលានយន្តហោះ ក្នុងនាមនិស្សិតខ្មែរកំពុងសិក្សានៅប្រទេសចិន ភីរុន ក៏បានចងក្រមគ្នាជាក្រុមតាមរយៈបណ្តាញសង្គម ដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង ពិសេសការជួយគ្នាពេលមានធុរៈផ្សេងៗ។ ក្នុងនាមជាសិស្សច្បង ភីរុន បានឱ្យដឹងទៀតថា ពិតណាស់ការសិក្សានៅក្នុងថ្នាក់រៀន គឺជា រឿងចាំបាច់មួយ ប៉ុន្តែបើយើងមានឱកាសស្វែងយល់ពីសង្គមនៅប្រទេសចិនកាន់តែល្អបំផុត ព្រោះថា ចិនគឺជាប្រទេសមានការអភិវឌ្ឍ ក្រែងមានផ្នែកណាមួយយើងអាចមកអនុវត្ត និងបង្កើតជា គម្រោង ឬឱកាសការងារពេលចប់ការសិក្សា។ បន្ថែមលើនេះយើងអាចសម្លឹងមើលក្រុមហ៊ុន ឬឱកាសការងារ ដែលយើងអាចធ្វើបាន។ បង្កើតបណ្ដាញ និងទំនាក់ទំនងកាន់តែច្រើនកាន់តែល្អ។
ភីរុន បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology កាលពី ពេលថ្មីៗនេះ និងបានចូលបម្រើការងារនៅក្រុមហ៊ុន Delsp Group ក្នុងតួនាទីជាអ្នកគ្រប់គ្រងទូទៅ។
លោក ភីរុន បានផ្កាំផ្ញើទៅនិស្សិត ដែលកំពុងរៀននៅប្រទេសចិន ត្រូវក្ដោបយកឱកាសឱ្យបាន។ បើរៀនបាននិទ្ទេសកាន់តែល្អកាន់តែប្រសើរ។ ត្រូវចេះជួយគ្នាទៅវិញទៅមកពិសេសនិស្សិតខ្មែរ ដែលបានសិក្សានៅប្រទេសចិនដូចគ្នា ឬអ្នកទើបទៅដល់ថ្មីៗ។ ត្រូវជួយតាម លទ្ធភាពដែលខ្លួនអាចធ្វើបាន។ ការជួយគ្នាទៅវិញទៅមក គឺជាចំណុចល្អបំផុត។ ការជួយគ្នាដោយសន្តានចិត្ត គង់ថ្ងៃណាមួយអំពើល្អនឹងវិលមករកយើងវិញ៕