• 2018-10-18 06:53:43
  • ការអប់រំ

២៥ឆ្នាំ បើមិនទាន់មាន៦ចំណុចនេះ ជីវិតត្រូវប្រើពេលយូរទៀតណាស់ទម្រាំជោគជ័យ

  • 2018-10-18 06:53:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទ្រនិច​នាឡិកា​វិល​គ្មាន​ឈប់ បញ្ជាក់​ថា​ពេល​វេលា​ដើរ​ទៅ​មុខ​រហូត​មិន​បង្អាក់ ឬ​បញ្ឈប់ ​ឲ្យ​យើង​ធ្វើ​អ្វី​មួយ​ដែល​មិន​ទាន់​បាន​ធ្វើ​ឡើយ។ ទោះ​បី​ជា​សម្រាក ទោះ​បី​ជា​ហត់ ទោះ​បី​ជា​មិន​ធ្វើ​អ្វី​សោះ ក៏​ពេល​វេលា​មិន​រង់ចាំ​ឡើយ។ ដូច្នេះ​ហើយ​ពេល​វេលា​សំខាន់​បំផុត សម្រាប់​មនុស្ស​ម្នាក់ៗ។ មិន​ខុស​អី​អាយុ​មនុស្ស គឺ​ដើរ​ទៅ​មុខ​តាម​ពេល​វេលា​ជានិច្ច។ បើ​វ័យ​២៥​ឆ្នាំ​មិន​ទាន់​មាន​៦​ចំណុច​នេះ បង្ហាញ​ថា​អ្នក​ប្រើប្រាស់​ពេល​វេលា​មិន​សូវ​បាន​ល្អ​ឡើយ។

១. មិន​ទាន់​ដឹង​ថា​ខ្លួន​ឯង​ចង់​ទៅ​ណា​ឲ្យ​ប្រាកដ

មក​ដល់​វ័យ​នេះ​ហើយ នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា​ខ្លួន​កំពុង​ដើរ​ដល់​ណា? ចង់​ទៅ​ណា? ចង់​បាន​អ្វី? ចង់​មាន​អ្វី? គឺ​ហាក់​ដូច​ជា​ចង់​ជ្រុល​ពេល​បន្តិច​ហើយ។ មនុស្ស​ម្នាក់​ៗ​គប្បី​កំណត់​ពី​គោលដៅ​ដែល​ខ្លួន​ចង់​ទៅ​ដល់​ឲ្យ​បាន​ច្បាស់​លាស់ ទើប​យើង​អាច​កំណត់​ជំហាន​បន្ត​បន្ទាប់​ឆ្ពោះ​ទៅ​គោល​ដៅ​នោះ។ បើ​វ័យ​២៥​ឆ្នាំ​នៅ​មិនទាន់​មាន​ចំណុច​នេះ ត្រូវ​ចាប់​ផ្ដើម​ពី​ពេល​នេះ​ទៅ កុំ​បណ្ដោយ​ពេល​វេលា​កាន់​តែ​ទៅ​មុខ​ទៀត​ ដោយ​មិន​បាន​ធ្វើ​អ្វី​សោះ។

រូបតំណាង

២. ជា​វ័យ​មួយ​គួរ​តែ​ច្បាស់​លាស់​នឹង​រឿង​ស្នេហា

ក្នុង​វ័យ​នេះ​ អាច​និយាយ​ថា​មិន​មែន​ជា​យុវវ័យ នៅ​លេង​សើច​នឹង​ស្នេហា ​មិន​ទាន់​ប្រាកដ​ប្រជា​ទៀត​ឡើយ។ បើ​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​នៅ​ងប់ងុល​នឹង​ល្បែង​ស្នេហា យក​ជីវិត​ទៅ​ញាំញី​ជាមួយ​ស្នេហា សូម​ធ្វើ​ការ​កែប្រែ​ឡើង​វិញ ហើយ​សម្លឹង​មើល​អ្នក​ណា​ដែល​អាច​កាន់​ដៃ​គ្នា​ទៅ​ថ្ងៃ​ក្រោយ។ ត្រូវ​ដឹង​ថា ជីវិត​មនុស្ស​ម្នាក់​ៗ ជៀស​មិន​ផុតពី​បង្កើត​គ្រួសារ​ឡើយ បើ​នៅ​មិន​ទាន់​ប្រាកដ​ពេល​វ័យ​កាន់​តែ​ច្រើន សួរ​ថា​ពេល​ណា​នឹង​មាន​គ្រួសារ​មួយ​ដែល​ជោគជ័យ​ទៅ?​

រូបតំណាង

៣. គួរ​តែ​មាន​ជំហរ​រឹង​មាំ​ខ្លួន​ឯង​ហើយ

នៅ​ត្រង់​ចំណុច​គឺ​កាន់​តែ​សំខាន់​ទៀត។ តើ​នៅ​ក្នុង​វ័យ​នេះ យើង​នៅ​តែ​ជា​បន្ទុក​គ្រួសារ​ទៀត​ទេ? មាន​បញ្ហា​ផ្សេងៗ​នៅ​តែ​រត់​រក​ឪពុក​ម្ដាយ​ទៀត​ទេ? បើ​នៅ​តែ​មាន​ គឺ​មាន​ន័យ​ថា​យើង​មិន​ទាន់​ឯករាជ្យ​ភាព​លើ​ខ្លួន​ឯង​ឡើយ។  ២៥​ឆ្នាំ មិន​មែន​ជា​វ័យ​លា​ដៃ​សុំ​លុយ​ឪពុកម្ដាយ​ទៀត​ឡើយ​ តែ​ជា​វ័យ​គួរ​តែ​មាន​លុយ​ជូន​ឪពុក​ម្ដាយ​ទើប​ជា​ការ​ប្រសើរ​។

៤. ប្រាក់​ខែ និង​ការងារ​ក៏​គួរ​តែ​ច្បាស់​លាស់​ដែរ

២៥ ឆ្នាំ​ជា​វ័យ​មួយ​ ដែល​គួរ​មាន​អ្វី​ឱ្យ​ច្បាស់លាស់ មិន​ថា​តែ​ចា​ការងារ​ទេ ពោល​គឺ​ជំនាញ​អ្វី​ក៏​ដោយ ត្រូវ​ឱ្យ​ច្បាស់ ព្រោះ​មិន​មែន​ជា​វ័យ​ដូច​កាល​សិក្សា​នៅ​វិទ្យាល័យ​ ឬ​សាកល​វិទ្យាល័យ​ទេ។ មក​ដល់​វ័យ​ ២៥​ឆ្នាំ​ហើយ គួរ​មាន​ការងារ​មួយ​ជាក់​លាក់​ តំណែង​សមរម្យ និង​ទទួល​បាន​ចំណូល​សមរម្យ មិន​មែន​នៅ​ធ្វើ​ការ​ប្រាក់​ខែ​ចាយ​មិន​គ្រប់​ខ្វះ​មុខ​ខ្វះ​ក្រោយ​នោះ​ទេ​។

៥. ច្បាស់​លាស់​នឹង​ការ​សេពគប់​មនុស្ស

មនុស្ស​ខ្លះ​ចូល​មក​ជីវិត​យើង នឹង​នាំ​ឲ្យ​យើង​កាន់​តែ​រីកចម្រើន អ្នក​ខ្លះ​ទៀត​អាច​នាំ​ឲ្យ​យើង​ខាត​បង់​ពេល​វេលា​ទៅ​វិញ​។ ដូច្នេះ​ហើយ​ទើប​ការ​សេពគប់​មនុស្ស​សំខាន់​ណាស់។ វ័យ​នេះ​គួរ​តែ​រក​មិត្ត​ណា​ដែល​ខ្លឹម​ៗ មិន​មែន​ដូច​កាល​នៅ​ក្មេង​រាប់​អាន​ ដើម្បី​មាន​គ្នា​គ្រាន់​តែ​សប្បាយ​ឡើយ។ ត្រូវ​បង្កើត​ទំនាក់​ទំនង​ជាមួយ​បុគ្គល​ដែល​ជោគជ័យ និង​បុគ្គល​ណា​ដែល​យើង​គិត​ថា​អាច​រៀន​សូត្រ​ពី​គេ​បាន។

៦. បាន​ធ្វើ​អ្វី​ដែល​ជា​ក្ដី​សុបិន​របស់​ខ្លួន

មក​ដល់​វ័យ​នេះ​ហើយ តើ​យើង​បាន​សម្រេច​ក្ដី​សុបិន​ខ្លួន​អ្វី​ខ្លះ? ដូចជា​ដំណើរ​កម្សាន្ត​ទៅ​ក្រៅ​ប្រទេស ទៅ​កន្លែង​ដែល​ខ្លួន​ឯង​ប្រាថ្នា ​សម្រេច​ជោគជ័យ​លើ​ការ​សិក្សា និង​ភាព​ជោគជ័យ​មួយ​ចំនួន​ទៀត។ សួរ​ថា​ហេតុ​អ្វី​បាន​ជា​ចំណុច​ទាំង​នេះ​គួរ​តែ​ធ្វើ​ឲ្យ​បាន​នៅ​ក្នុង​វ័យ​នេះ? ចម្លើយ​គឺ​ថា បើ​យើង​ធ្វើ​បាន​គឺ​មាន​ន័យ​ថា យើង​ជោគជ័យ​មួយ​កម្រិត​ហើយ ទោះ​មិន​មាន​អ្វី​ឲ្យ​ធំដុំ​ក៏​ដោយ ហើយ​ម្យ៉ាង​ទៀត​វា​បាន​បញ្ជាក់​ថា យើង​ពិត​ជា​បាន​ប្រើប្រាស់​ពេល​វេលា​បាន​ល្អ​បំផុត។​

សូម​បញ្ជាក់​ថា ៦​ចំណុច​នេះ គឺ​ជា​ការ​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ  គង់ សុ​កុម្ភៈ បង្រៀន​នៅ​សាកល​វិទ្យាល័យឯកជន​មួយ​កន្លែង ធ្លាប់​បាន​ឆ្លង​កាត់​ជីវិត​តស៊ូ​ជា​ច្រើន​ទម្រាំ​បាន​ជោគជ័យ​មក​ដល់​បច្ចុប្បន្ន៕ ​

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

មតិយោបល់
អត្ថបទពេញនិយម