- 2019-01-16 04:12:41
- ការអប់រំ
បឋមសិក្សាមួយនៅភ្នំពេញហាមដាច់ខាតមិនឱ្យបង្រៀនគួរក្រៅម៉ោង
- 2019-01-16 04:12:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បឋមសិក្សាមួយនៅភ្នំពេញហាមដាច់ខាតមិនឱ្យបង្រៀនគួរក្រៅម៉ោង
ចន្លោះមិនឃើញ
ការបង្រៀនគួរក្រៅម៉ោង ដែលតែងតែធ្វើឱ្យឪពុក-ម្តាយ ឬអាណាព្យាបាលសិស្សមួយចំនួនអាក់អន់ចិត្តនោះ ឥលូវគណៈគ្រប់គ្រងនៅបឋមសិក្សាមួយនៅរាជធានីភ្នំពេញបានហាមដាច់ខាតមិនឱ្យបង្រៀនគួរក្រៅម៉ោងឡើយ។
នៅក្រោយវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់ស្តីពី ការសិក្សានិងពិធីចែករង្វាន់សិស្សពូកែប្រចាំឆ្នាំ និងសិស្សក្រីក្រ កាលពីសប្ដាហ៍មុន លោកសូ ធី នាយករងសាលាបឋមសិក្សាចតុមុខ បានឱ្យដឹងថា ការស្នើដល់លោកគ្រូ អ្នកគ្រូឲ្យឈប់មានបង្រៀនគួរនេះ ចាប់តាំងដើមឆ្នាំសិក្សាថ្មី ២០១៨ ក្នុងមូលហេតុជាការប៉ះពាល់ដល់មាតាបិតាសិស្ស ក៏ដូចជាអាណាព្យាបាល ហើយបញ្ហា នេះសាលាក៏ធ្លាប់បានផ្សព្វផ្សាយ និងជូនដំណឹងជាមុន ២ ឬ៣ឆ្នាំដែរ ទៅដល់គ្រូបង្រៀនក្នុងសាលា។
លោកនាយករងសាលា លើកឡើងទៀតថា ដោយសារសាលាទើបអនុវត្តប្រមាណ ៣ខែ និងគ្មានការតវ៉ាណាមួយកើតឡើងនោះ ប្រសិនជាអាចលោកធ្វើការសំណូមពរដល់សាលាផ្សេងៗដទៃទៀត បើអាចធ្វើបានគួរធ្វើដើម្បីរក្សាកិត្តិយស ក៏ដូចជាសេចក្ដីថ្លៃថ្នូរដល់គ្រូបង្រៀន និងបានអំពាវនាវបន្ថែមដល់អាណាព្យាបាលសិស្សទាំងឡាយ ដែលមានកូនគ្រប់អាយុចាប់ពី៥ឆ្នាំឡើងទៅ មកចុះឈ្មោះចូលរៀនដែលមិនតម្រូវឲ្យមានការបង់ប្រាក់ទេ រាល់ការចុះឈ្មោះ និងការមករៀនក្តី។
ពាក់ព័ន្ធនឹងបញ្ហានេះអ្នកគ្រូព្រំ ខេមា បង្រៀនថ្នាក់ទី៦ ក្នុងសាលានេះ ទទួលស្គាល់ថា ធ្លាប់មានបង្រៀនគួរក្រៅសិក្សា ប៉ុន្តែការបង្រៀននេះ គឺឆ្លើយតបតាមការស្នើសុំរបស់អាណាព្យាបាលសិស្សប៉ុណ្ណោះ ដែលគាត់មើលឃើញពីចំណុចខ្វះខាតរបស់ក្មេងៗ (កូន)។
បច្ចុប្បន្នសាលាបឋមសិក្សាចតុមុខ មានបន្ទប់រៀនសរុបប្រមាណ ៥០ ពីថ្នាក់ទី១ ដល់ទី៦ និងមានសិស្សកំពុងសិក្សាសរុបចំនួនជាង ១ ៦០០នាក់។ សម្រាប់ទិសដៅរបស់សាលានេះ ចង់ប្រែក្លាយទៅសាលាគំរូក្នុងរាជធានី និងទូទាំងប្រទេសដែលត្រូវកែសម្រួលរឹតបន្តឹងលើវិន័យ សំលៀកបំពាក់ បរិស្ថាន ការសិក្សា និងសីលធម៌។ល៕