• 2019-03-01 08:00:00
  • ការអប់រំ

សាហាវ! "Momo Challenge" កំពុងវាយប្រហារក្មេងៗ និយមមើលរឿងតាម YouTube

  • 2019-03-01 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារ​ព័ត៌មាន​អន្តរជាតិ​ល្បី​ៗ​ក្នុង​ពិភពលោក​បាន​ចុះ​ផ្សាយ​ពី​រឿង​ភ្ញាក់​ផ្អើល​មួយ​កាល​ពី​ពេល​កន្លង​ទៅ ហើយ​វា កំពុង​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​កុមារ បង្ក​ឡើង​ដោយសារ​ហ្គេម​តាម​អ៊ីនធឺណិត​មួយ​ប្រភេទ។

​យោង​តាម The Washington Post បាន​បញ្ជាក់​ថា ហ្គេម​មួយ​ប្រភេទ​នោះ មាន​ឈ្មោះថា "Momo" ដែល​វា​​អាច​ពង្វក់​ក្មេង​ៗ ឲ្យ​ជក់​លេង និង​ឈាន​ទៅ​ការ​សម្លាប់​ខ្លួន​ឯង តាម​សកម្មភាព​មាន​ដូចជា​ចង​ករ ឬ​ចាក់​សម្លាប់​គេ​ឯង​ជាដើម។

ប្រភព​ដដែល​បន្ត​ទៀត​ថា​ហ្គេម​អ៊ីនធឺរណី​នេះ ត្រូវ​បាន​គេ​ចែកចាយ​តាម​រយៈ​សេវាកម្ម​សារ​ឥត​គិត​ថ្លៃ ក្នុង​បណ្ដាញ​សង្គម ដែល​មាន​ឈ្មោះ​ថា WhatsApp។ ក្រៅពី​នេះ "Momo" ក៏​ត្រូវ​បាន​គេ​បន្ត​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម​ដ៏​ធំ​ដទៃ​ទៀត​ មាន​ដូចជា Facebook, Twitter និង YouTube ផង​ដែរ។

The Washington Post បាន​ចុះ​ផ្សាយ​ពី​សារ​ព្រមាន​ពី​គ្រោះថ្នាក់​នៃ​ហ្គេម​អ៊ីនធឺណិត "Momo" ដែល​កំពុង​បង្ក​ការ​ព្រួយ​បារម្ភ ​ដែល​វា​អាច​កើត​ឡើង​ចំពោះ​កុមារ​នៅ​ទូទាំង​ពិភពលោក​ តែងតែ​​និយម​លេង​ហ្គេម​​តាម​ទូរសព្ទ​ ប្រសិន​បើ​អាណាព្យាបាល​មាន​ធ្វេស​ប្រហែស។

ថ្មីៗ​នេះ​ភ្នាក់ងារ​ប៉ូលិស​សហរដ្ឋអាមេរិក ​ក៏​បាន​ប្រាប់​អំពី​ឥទ្ធិពល​ដ៏​អាក្រក់​របស់ ហ្គេម ​"Momo" ដែល​វា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​​ក្មេងៗ​ តាម​រយៈ​ការ​លួងលោម​ និង​បោក​បញ្ឆោត​ក្នុង​រូបភាព​ជា​ការ​លេង​កម្សាន្ត មុន​ឈាន​ទៅ​ការ​បញ្ជា​ឲ្យ​សម្លាប់​ខ្លួន​តាម​វា។

ល្បែង​ដែល​មនុស្ស​ជា​ច្រើន​ហៅថា "Momo Challenge" តម្រូវ​ឱ្យ​អ្នក​លេង​ត្រូវ​បំពេញ​ភារកិច្ច​ទៅ​តាម​លក្ខខណ្ឌ​តម្រូវ​នានា ដែល​ជាទូទៅ​មាន​គ្រោះថ្នាក់​ និង​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា ឬ​ការ​សម្លាប់​ខ្លួនឯង។ ទោះ​យ៉ាង​នេះ​ក្ដី ​ប្រភព​ដើម​នៃ​ហ្គេម​នេះ មិន​ទាន់​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា វា​មាន​ប្រភព​មក​ពីណា ឬ​អ្នកណា​ជា​បង្កើត​​នៅ​ឡើយ។

ក្រុម​មន្ត្រី​នៅ​ក្នុង​ប្រទេស​ចំនួន​៣​ប្រទេស បាន​រក​ឃើញ​ថា​ ការ​ប្រកួតប្រជែង​ចុង​ក្រោយ​របស់​ Momo គឺ​ជា​ការ​បោកបញ្ឆោត​ជាច្រើន ​ដែល​បង្ហាត់​តាម​អ៊ីនធឺណិត​ឲ្យ​ក្មេង​ៗ​ធ្វើ​អត្តឃាត។​ ជាក់​ស្ដែង​​​យ៉ាង​ហោច​ណាស់​មាន​៣ករណី ​នៃ​អនីតិជន​បាន​សម្លាប់​ខ្លួនឯង ​នៅ​ក្នុង​ប្រទេស​អាហ្សង់ទីន កូឡុំប៊ី និង​ឥណ្ឌា។

សូម​រំលឹក​ថា បើ​តាម​ពី​ប្រភព​ពី​កាសែត Buenos Aires Times របស់​ប្រទេស​​អាហ្សង់ទីន​បាន​រាយការណ៍​ថា​នៅ​ក្នុង​ខែ​កក្កដា​កន្លង​ទៅ​នេះ មាន​ក្មេង​ស្រី​អាយុ​១២ ឆ្នាំ​ម្នាក់​ដែល​រស់នៅ​ក្នុង​ខេត្ត​ប៊ុយណូស៊ែរ ត្រូវ​បាន​គេ​រក​ឃើញ​ថា​បាន​ចង​ក​សម្លាប់​ខ្លួន នៅ​ដើមឈើ​មួយ​នៅ​ក្នុង​បរិវេណ​ផ្ទះ​របស់​នាង។

ក្រោយ​ការ​ស្លាប់​របស់​ក្មេង​ស្រី​ខាងលើ ក្រុម​អាជ្ញាធរ​បាន​ស៊ើប​អង្កេត​ និង​រក​ឃើញ​ថា គឺ​ជា​ការ​ធ្វើ​អត្តឃាត ហើយ​ករណី​នេះ​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​លេង​ហ្គេម​អ៊ីនធឺណិត Momo នៅ​លើ បណ្ដាញ​សង្គម WhatsApp" ។

ប្រភព៖ Washingtonpost ប្រែ​សម្រួល៖ ពៅ រក្សា

មតិយោបល់