• 2019-05-12 07:30:00
  • ការអប់រំ

វីរបុរស​សង្គ្រោះ​២​នាក់​ម្ដាយ​និង​កូន​ស្រី​តូច​ពី​​រញ្ជួយ​ដី​​នៅ​ឥណ្ឌូណេស៊ី​បាន​ស្លាប់​៣​សប្តាហ៍​បន្ទាប់

  • 2019-05-12 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គាត់​គឺ​ជា​វីរបុរស​ម្នាក់​ដែល​បាន​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​​២​នាក់​ដោយ​ការ​រញ្ជួយ​ដី​គឺ​ម្តាយ និង កូន​ស្រី​តូច​​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​កាល​ពី​ខែ​កញ្ញា​ឆ្នាំមុន ប៉ុន្តែ​រឿងរ៉ាវ​របស់​គាត់​នៅ​តែ​ត្រូវ​បាន​គេ​យក​មក​និយាយ​។

អ្នកស្រី Iriani នឹង​មិន​បាន​ជួប​អ្នក​សង្គ្រោះ​របស់​គាត់​ម្តង​ទៀត​ទេ។ លោក Ng Kok Choong អាយុ ៥៣​ឆ្នាំ ជនជាតិ​សិង្ហបុរី បាន​ស្លាប់​ក្នុង​រយៈពេល​តែ ៣​សប្តាហ៍​ប៉ុណ្ណោះ​ បន្ទាប់​ពី​ការ​រញ្ជួយ​ដី ៧,៤ រិចទ័រ និង រលក​យក្ស​ស៊ូណាមិ​មួយ​ដែល​បាន​វាយ​ប្រហារ​កោះ​ស៊ូឡាវេស៊ី។

នៅ​ពេល​គាត់​ត្រូវ​បាន​គេ​ប្រាប់​ដំណឹង​ពី​មរណភាព​លោក​ង៉ (Ng) អ្នកស្រី​មាន​អារម្មណ៍​ "សោកសៅ​យ៉ាង​ខ្លាំង"។ "ពួក​យើង​ឥត​មាន​ជាប់​សាច់​ឈាម​នឹង​គ្នា​ទេ​ ប៉ុន្តែ​គាត់​សុខចិត្ត​លះបង់​ខ្លួន​ឯង​សម្រាប់​អ្នក​ដទៃ"។ អ្នក​ស្រី​បាន​និយាយ។

លោកង៉ លោតឆត្រយោង

វា​ជា​ការ​ប្រកួត​ប្រជែង​ហក់​ឆត្រយោង​ហើយ​វា​ជា​ចំណង់​ចំណូល​ចិត្ត​របស់​គាត់ ទើប​ធ្វើ​ឲ្យ​លោក​បាន​ទៅ​ដល់​​កោះ​​របស់​ទីក្រុង Palu ប្រទេស​ឥណ្ឌូណេស៊ី​ជា​កន្លែង​ដែល​លោក​បាន​ជួយ​ម្ដាយ​កូន​២​នាក់​ពី​ការ​បាក់​សង្កត់​ដោយ​អាគារ​និង​ពី​ការ​វាយ​ប្រហារ​ដោយ​រលក​យក្ស​ស៊ូណាមិ។

Ng Kok Choong យក​ខ្លួន​ទៅ​ប្តូរ​ដើម្បី​ឲ្យ​​២​នាក់​ម្ដាយ​និង​កូន​ស្រី​តូច​បាន​រស់

​​ក្នុង​នាម​ជា​អតីត​កង​កុម្ម៉ង់ដូ​ សម្រាប់​ល្បែង​ហោះហើរ​លើ​អាកាស​នេះ​គឺ​ជា​អ្វី​ដែល​គាត់​ស្រលាញ់​បំផុត។ បន្ទាប់​ពី​កូន​ប្រុស​ម្នាក់​បាន​រៀបការ​ហើយ​គាត់​បាន​និយាយ​ប្រាប់​ប្រពន្ធ​គាត់​គឺ​អ្នកស្រី Sharon វ័យ​៥៣​ឆ្នាំ ថា​ដល់​ពេល​ដែល​គាត់​ត្រូវ​សម្រាក​ខ្លះ​ហើយ។

រូបថតជុំគ្រួសារ​ជាមួយ​ប្រពន្ធកូន និង កូនប្រសារ​របស់​លោក​ង៉

លោក​ង៉ ជា​បុគ្គលិក​ចូលនិវត្តន៍ និង បន្ទាប់​ពី​បាន​អាជ្ញាប័ណ្ណ​លោត​ឆត្រយោង លោក​ក៏​បាន​ចូល​រួម​ប្រកួត​​កម្មវិធី​ហក់​ឆត្រយោង​ជា​ច្រើន​ប្រទេស។ វា​ជា​ថ្ងៃ​ទី​២៨ ខែ​កញ្ញា​ឆ្នាំ​មុន គឺ​​នៅ​ថ្ងៃ​កើត​ហេតុ ពេល​ដែល​លោក​នឹង​មិត្តភ័ក្ដិ​លោត​ឆត្រយោង​ជាមួយ​គ្នា​ឈ្មោះ Francois de Neuville នៅ​ពេល​ដែល​អ្នក​ទាំង​២​ស្ថិត​នៅ​ក្នុង​ព្រឹត្តិការណ៍​រញ្ជួយ​ដី។

​ពួកគេ​រៀប​នឹង​ចាកចេញ​ពី​សណ្ឋាគារ Mercure ហើយ​បាន​ឃើញ​សណ្ឋាគារ​ទាំង​មូល​បាន​ដួល​រលំ។

Francois de Neuville មិត្តភ័ក្ដិ​លោត​ឆត្រយោង​របស់​លោកង៉

នៅ​ខាង​ក្នុង​សណ្ឋាគារ​គឺ​អ្នកស្រី Iriani ។ "ខ្ញុំ​នៅ​លើ​កម្រាល​ជាមួយ (កូន​ស្រី​របស់​ខ្ញុំ) Zahrah។ ភ្លាមៗ អ្វីៗ​ទាំងអស់​នៅ​ពី​មុខ​យើង​បាន​ធ្លាក់​ចុះ។ ទូរទស្សន៍​បាន​បុក​មុខ​របស់​ខ្ញុំ"។ អ្នកស្រី​រៀបរាប់។

នៅ​ក្នុង​ព្រឹត្តិការណ៍​បាក់​សង្កត់​នោះ ពួកគេ​ទាំង​២​នាក់​ឃើញ​កូន​ស្រី​តូច ហើយ​ព្យាយាម​យក​នាង​ចេញ​ពី​កម្ទេចកំទី​ដែល​បាក់ ប៉ុន្តែ​ម្ដាយ​របស់​នាង​តូច​នៅ​ជាប់​ក្នុង​គំនរ​អាគារ។ លោក​ង៉ បាន​ឲ្យ​មិត្តភ័ក្ដិ​របស់​លោក​យក​ក្មេង​ស្រី​ទៅ​កន្លែង​សុវត្ថិភាព ហើយ​គាត់​ព្យាយាម​ជួយ​ម្តាយ​ម្នាក់​ទៀត។

ទិដ្ឋភាព​រលក​យក្សស៊ូណាមិ

បន្ទាប់​មក​រលក​យក្ស​ស៊ូណាមិ​ក៏​បាន​មក​ដល់ ហើយ​លោក de Neuville ដែល​នៅ​លើ​ដើម​ឈើ​ជាមួយ​ក្មេង​ស្រី​ ភិត​ភ័យ​យ៉ាង​ខ្លាំង។ "រលក​យក្ស​ក៏​បាន​បោក​ចូល​សណ្ឋាគារ...ហើយ​ខ្ញុំ​គិត​ថា​គាត់​ប្រហែល​មិន​អាច​ធ្វើ​វា​បាន​ទេ។ គ្មាន​កន្លែង​គេច​ខ្លួន​ឡើយ"។

ក្រោយ​មក​ de Neuville បុរស​ជនជាតិ​បែលហ្សិក​បាន​ទៅ​ដល់​ជុំរុំ​សុវត្ថិភាព​ លោក​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​ឃើញ​លោក​ង៉​នៅ​ទី​នោះ។ ពួកគេ​ទាំង​២​អោប​គ្នា។

អ្នកស្រី Iriani និង កូនស្រី​ក្រោយ​សង្រ្គោះ

អ្នកស្រី Iriani បាន​និយាយ​ថា​គាត់​បាន​ស្រែក​ប្រហែល​២​ម៉ោង​ឲ្យ​គេ​ជួយ​ ព្រោះ​លោក​ង៉​ម្នាក់​ឯង​មិន​អាច​លើក​ផ្ទាំង​ស៊ីម៉ង់​ដែល​បាក់​សង្កត់​គាត់​បាន​ឡើយ។ ប៉ុន្តែ​លោក​ង៉​នៅ​តែ​​ព្យាយាម​ជួយ។ "គាត់​ប្រាប់​ខ្ញុំ​ថា​កូន​ស្រី​ខ្ញុំ​នៅ​រស់ ហើយ​នោះ​បាន​ផ្ដល់​កម្លាំង​ចិត្ត​ខ្ញុំ​ដើម្បី​រស់"។ ប្រហែល​ជាង​២​ម៉ោង រហូត​ដល់​មាន​មនុស្ស​ម្នាក់​ទៀត​ទៅ​ដល់​ទើប​ពួកគេ​អាច​ជួយ​អ្នក​ស្រី​បាន។ អ្នកស្រី Iriani បាន​រៀបរាប់។

ការ​ហោះហើរ​ចុងក្រោយ​នៅ​កន្លែង​ក្នុង​ក្តីសុបិន

ប្រពន្ធ​របស់​គាត់​ដែល​បាន​ទៅ​ទទួល​គាត់​នៅ​ប្រលានយន្តហោះ បាន​រៀបរាប់​ថា "នៅ​ពេល​ខ្ញុំ​អោប​គាត់ គាត់​សួរ​ខ្ញុំ​ថា​ Darling តើ​​នោះ​ជា​ខ្ញុំ​ឬ ហើយ​ផែនដី​ម៉េច​នៅ​តែ​ញ័រ?"។

ឆត្រយោង​លោក​ង៉​ធ្លាក់​នៅ​ជួរភ្នំហិមាល័យ

ទោះ​ជា​យ៉ាងណា ប្រហែល​២​សប្ដាហ៍​បន្ទាប់​ពី​គាត់​ត្រលប់​មក​ផ្ទះ​វិញ គ្មាន​អ្វី​អាច​បញ្ឈប់​គាត់​ពី​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Bir នៅ​រដ្ឋ Himachal Pradesh ប្រទេស​ឥណ្ឌា​តាម​ការ​គ្រោងទុក​ ជា​កន្លែង​ដែល​គាត់​ចុះ​ឈ្មោះ​ប្រកួត​ពាន​​ហក់​ឆត្រយោង​​ពិភពលោក (Paragliding World Cup)។

ទេសភាព​ជួរ​ភ្នំ​ហិមាល័យ​គឺ​ជា​កន្លែង​ក្នុង​ក្តី​សុបិន​របស់​គាត់ ហើយ​ក៏​ជា​កន្លែង​ផ្ដាច់​ជីវិត​គាត់​ក្នុង​ឧប្បត្តិហេតុ​ធ្លាក់​ឆត្រយោង។ ក្រុម​រុករក​បាន​ប្រទះ​ឃើញ​គាត់​នៅ​មាន​ជីវិត ប៉ុន្តែ​ពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​​​គាត់​ពី​ការ​​ប៉ះ​ទង្គិច​ផ្នែក​ក្បាល​ធ្ងន់ធ្ងរ​ឡើយ។

អ្នកស្រី សារ៉ុន ង៉

ប្រពន្ធ​របស់​លោក​ង៉​បង្ហូរ​ទឹក​ភ្នែក​រៀបរាប់​ថា​ប្តី​របស់​គាត់​ធ្លាប់​បាន​និយាយ​​ថា "គាត់​នឹង​ស្លាប់​ដោយ​គ្មាន​ការ​សោកស្ដាយ ព្រោះ​វា​ជា​អ្វី​ដែល​គាត់​សប្បាយ​ចិត្ត​នឹង​ធ្វើ"៕

អាន៖​ ការ​ share លើ​ Facebook ដែល​បំផ្លាញ​ជីវិត​គ្រួសារ​ទាំង​ស្រុង​របស់​អតីត​បុគ្គលិក​ធនាគារ​ម្នាក់​

អាន៖ សុខចិត្ត​បើក​ឡាន​កំពុង​ឆេះ​គេច​ពី​ហ្វូង​មនុស្ស​ផ្ទុះ​ស្លាប់​ម្នាក់​ឯង ត្រូវ​គេ​ទុក​ជា​វីរបុរស​

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់