• 2019-05-21 04:42:39
  • ការអប់រំ

សាកល​វិទ្យាល័យ​បី​ ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ខ្មែរ ​ដែល​សិក្សា​នៅ​ភ្នំពេញ

  • 2019-05-21 04:42:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាកល​វិទ្យាល័យ​របស់​អាម៉េរិក​ធំៗ​ចំនួន​ពីរ និង​សាកល​វិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) បាន​ប្រារព្ធ ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ជយលាភី​ ដែល​ទើប​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ AUPP ។

និស្សិត​ជ័យ​លាភី​ចំនួន ៣៦នាក់ ត្រូវ​បាន​ប្រគល់​សញ្ញាបត្រ​ជូន​ដោយ​សាកលវិទ្យាល័យ​អារីហ្សូណា សាកលវិទ្យាល័យ​រដ្ឋ​ហ្វតហេស៍ និង​សាកលវិទ្យាល័យ AUPP នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ សប្ដាហ៍មុន​នេះ ។

លោក​សាស្ត្រាចារ្យ​បណ្ឌិត Kenneth Dunn សកលវិទ្យាធិការ AUPP បាន​មាន​ប្រសាសន៍​ថា “AUPP និង​សាកលវិទ្យាល័យ​ដៃគូ​នៅ​សហរដ្ឋអាមេរិក​ទាំង​ពីរ​ មាន​មោទកភាព​យ៉ាង​ខ្លាំង​ដែល​និស្សិត​ជយលាភី​របស់​យើង​ជំនាន់​ទី១ និង​ទី២ កំពុង​តែ​ទទួល​បាន​ជោគជ័យ​ទាំង​ក្នុង​ស្រុក និង​អន្តរជាតិ”។

និស្សិត​ជយលាភី​មួយ​ចំនួន​ធំ​បាន​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ (អនុបណ្ឌិត) និង​បណ្ឌិត នៅ​តាម​បណ្ដា​សាកល​វិទ្យាល័យ​ធំៗ នៅ​សហរដ្ឋ​អាមេរិក អូស្ត្រាលី និង​ចក្រភព​អង់​គ្លេស។ ក្នុង​ចំណោម​និស្សិត​ជ័យ​លាភី​ទាំងពីរ​ជំនាន់ មាន​និស្សិត​មួយ​ចំនួន​បាន​ឱកាស​ការងារ​ពីស្ថាប័ន​ក្នុង​ស្រុក​និង​ក្រៅ​ប្រទេស ដោយ​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ខ្ពស់ ទៅ​តាម​ទីផ្សារ​អន្តរជាតិ។

លោក Gregory Bardzell តំណាង​ជាន់​ខ្ពស់ មក​ពី​សាកល​វិទ្យាល័យ​អារីហ្សូណា បាន​និយាយ​ថា “សាក​លវិទ្យាល័យ​អារីហ្សូណា សាកលវិទ្យាល័យ AUPP និង​សាកលវិទ្យាល័យ​រដ្ឋ​ហ្វតហេស៍ មាន​មោទកភាព​យ៉ាង​ខ្លាំង​ដែល​បាន​បង្កើត​នូវ​ធនធាន​មនុស្ស​ប្រកប​ដោយ​សក្តានុពល​ខ្ពស់​សម្រាប់​សង្គម។”

តាម​រយៈ​កម្មវិធី​សិក្សា​យក​សញ្ញាបត្រ​ពីរ (Dual Degree) និស្សិត AUPP នឹង​ទទួល​បាន​សញ្ញាបត្រ​ចេញ​ដោយ​សាកលវិទ្យាល័យ​អារីហ្សូណា ឬ​សាកលវិទ្យាល័យ​រដ្ឋ​ហ្វតហេស៍ បន្ថែម​ពី​លើ​សញ្ញាបត្រ​ចេញ​ដោយ​សាកល​វិទ្យាល័យ AUPP៕

រូបភាព​ផ្ដល់ឲ្យ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទពេញនិយម