• 2019-06-13 00:30:00
  • ការអប់រំ

មូល​ហេតុ​បី​យ៉ាង​ធ្វើ​ឲ្យ​កុមារីមិន​ស្គាល់​អ្វីជា​ភាសា​អង់គ្លេស​បាន​អាហារូបករណ៍​​នៅ​​អូស្រ្តាលី​

  • 2019-06-13 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 493

ចន្លោះមិនឃើញ

បើ​និយាយ​ដល់​ការ​តស៊ូ​ដើម្បី​ជីវិត​រស់នៅ​ឲ្យ​បាន​ល្អ​ប្រ​សើរ​នោះ មនុស្ស​គ្រប់គ្នា​សុទ្ធតែមាន​បទ​ពិសោធន៍ផ្សេង​ៗគ្នា និង​មាន​លក្ខខណ្ឌ​ខុសៗគ្នា​ទៅ​តាម​បរិស្ថាន​រស់នៅ និងក្រុម​គ្រួសារ​ជា​ដើម។

ពី​កុមារី​មិន​ស្គាល់​អ្វីទៅ​ជា​ភាសាអង់គ្លេស ក​ញ្ញា រ៉ុន សុភី ពេល​នេះ​តាម​រយៈ​ការ​តស៊ូ​រៀន​សូត្រ​បាន​ទទួ​លអាហារូប​ករណ៍​ពេញ​លេញ​សិក្សា​នៅ​សាកល​វិទ្យាល័យ​មែល​​ប៊ន​ប្រ​ទេស​អូស្រ្តាលី។

សុភី មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ចាម មាន​​ឪ​ពុក​ម្ដាយ​ជា​កម្ម​ករ​ជៀរជ័រ​កៅស៊ូ តែ​ដោយ​សារ​មានជំងឺ​ផង ប្រាក់​ចំណូល​តិច​ទៀត គ្រួសារសុភី​ធ្លាក់​ខ្លួន​ជាប់​បំណុល​គេ និងបាន​បង្ខំចិត​រត់គេច​ខ្លួនពី​កំពង់​ចាម មក​រស់​នៅ​ក្នុង​ផ្ទះ​ប្រក់​តង់​ក្បែរ​គំនរ​សំរាម​ស្ទឹង​មានជ័យ។

ក្នុង​ឆ្នាំ​២០០៦ សុភី ជា​ក្មេង​ម្នាក់​ដែល​កំពុង​ដើរ​រើស​អេតចាយ​លើ​គំនរ​សំរាម​ស្ទឹង​មានជ័យ ដូច​ក្មេង​ៗ​មួយ​ចំនួន​ទៀត​ដែរ។ សំណាង​ល្អ​សុភីបាន​ជួប​លោក Scott Neeson​ប្រ​ធាន​អង្គការមូល​និធិកុមារ​កម្ពុជា​ហៅ​កាត់​ថា​CCF ដែលបាន​នាំ​សុភី​ឲ្យ​ចូល​រៀន​។

សុភី និយាយ​ក្នុង​បទ​សម្ភាសន៍ជាមួយ​Sabay ថា​៖ «ថ្ងៃមួយ​ខ្ញុំ​រើស​អេតចាយ ក៏បានជួប​ស្កុត គាត់​សួរថា​ចង់រៀន​អង់គ្លេសឬអត់​? ខ្ញុំអត់ស្គាល់អង់គ្លេស​ហ្នឹង​គឺជាអ្វី​ទេ មិត្ត​ខ្ញុំ​ថា​កុំទៅ​ខ្លាច​អង្គការ​ហ្នឹង​បោក តែខ្ញុំ​ចង់ចូលរៀនចង់ស្គាល់​ថា​អង់គ្លេស​ហ្នឹង​ស្អីគេ​ ខ្ញុំប្រាប់វាអ៊ីចឹង...ចូល​ដល់ខ្ញុំ​សប្បាយ​ចិត្ត ឃើញ​អង្គការ​ធំស្អាត ដែលខ្ញុំ​មិន​ដែល​ឃើញ​ ឃើញ​ក្មេងៗ លេង​​សប្បាយ ធ្វើ​ឲ្យ​ខ្ញុំ​ចង់​នៅ គេ​ស្វាគមន៍ណាស់​ ខ្ញុំ​ចង់នៅ បាន​ហូប​ស្អាត»។

​សុភី និយាយថា​កត្តាបី​​យ៉ាង​ដែល​ជំរុញ​ឲ្យ​សុភី​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ទទួលបាន​អាហរូបរណ៍​នៅ​ប្រ​ទេស​អូស្ត្រាលីនេះ។ ទី​មួយ​គឺ​ការ​ចេះ​តស៊ូ​ ទី​ពីរ​ការ​ចាប់​យក​ឱកាស និង​ទី​បី​​មកពី​ខ្លួន​ចង់ជួយ​ឪពុក​ម្ដាយ​រួច​ផុតពី​ភាព​ក្រីក្រ។​

កញ្ញា​បន្តថា៖ «ខ្ញុំ​អាណិត​ម៉ែ​ឳ ចង់ជួយ​ឲ្យ​គាត់​ផុត​ពី​ភាព​ក្រីក្រ ខ្ញុំ​ដឹង​ថាភាពក្រ​លំបាក គឺ​​ពិបាក ជីវិត​យើង​លំបាក​លំបិន អាណិត​ម៉ែឪ...កា​រតស៊ូជា​រឿង​សំខាន់ បើ​អត់មាន​ការ​តស៊ូគឺ​អ្វី​ក៏​យើង​អត់អាច​សម្រេច​បានទេ បើ​យើង​ខ្លាច​ហត់ ខ្លាច​ឈឺ​យើង​នៅ​តែ​ប៉ុណ្ណឹង យើង​ក្រ​នៅ​តែ​ក្រ គឺវា​អត់មាន​ភាព​ផ្លាស់​​ប្តូរអ្វីទាំងអស់។ អ៊ីចឹង​បើ​អាច​ខំប្រឹង​ទៅ​ធ្វើ​កុំ​បោះបង់ចោល»។

កញ្ញា​បន្ថែម​ថា៖ «បើ​មាន​ឱកាស​បាន​ចូល​រៀន ឬ​ធ្វើ​អ្វី​មួយ​កុំ​បោះបង់វា​ហើយ​បើ​សិនជា​អាច យើង​ចាប់​យក​អ្វី​ដែល​ថ្មី ព្រោះ​វាអាចជា​បទពិសោធន៍​សម្រាប់​យើង​ទៅ​ថ្ងៃ​មុខ ដូច​ខ្ញុំអ៊ីចឹងបើ​ខ្ញុំ​អត់​​យក​ការ​ជួយ​របស់​ស្កុត​ពេល​ខ្ញុំ​កំពុង​រើស​អេតចាយ ឲ្យ​ខ្ញុំ​ទៅ​រៀន​អង់គ្លេស​ហ្នឹងទេ​គឺ​ខ្ញុំអត់អាច​មាន​សព្វ​ថ្ងៃហ្នឹង​ទេ គឺ​ដោយ​សារខ្ញុំ​ហាន​ដើរ​ចេញពី​complex zone របស់​ខ្ញុំ»។

សុភី​ អះអាង​ថា​បើ​សិន​ជាខ្លួន​បោះ​បង់ឱកាស​ដែល​លោក Scott Neeson ផ្ដល់​ឲ្យ​នៅពេល​នោះ​ម្លេះសមពេល​នេះ​នាង​ប្រ​ហែលជា​ត្រូវ​រៀបការ ឬ​ស្លាប់​ក៏ថា​បាន ដោយ​ថា​ពេល​នោះ​ខ្លួន​មាន​ជំងឺ និង​ហូប​អាហារ​ដែល​សេស​សល់ និង​គេ​បោះចោល​តែ​ប៉ុណ្ណោះ។

​​​​​​​​សម្រាប់​ថ្ងៃ​អនាគត​កញ្ញា សុភី ចង់​បង្កើតអាជីវកម្ម​មួយ​ផ្ទាល់​ខ្លួន និង​ចង់​រួប​ចំណែក​ក្នុង​អង្គការ​ដែលខ្លួន​បាន​រស់​នៅ​ជួយ​ដល់​កុមារ​ផ្សេងៗទៀត។ ​កញ្ញា​បន្ថែម៖ «ចង់ធ្វើអាជីវកម្ម​ខ្លួន​ឯង និង​ចង់ជួយ​ក្មេងៗជំនាន់ក្រោយ​នៅ​អង្គការ ចែករំលែកបទពិសោធន៍​ ជួយ​ដល់​​អង្គការ​ជាអ្នក​មាន​គុណ​របស់​ខ្ញុំ»៕​

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទពេញនិយម