• 2019-06-25 08:41:53
  • ការអប់រំ

អ្នកជំនួញ​ប្រមាណ​ជា​ ២០០នាក់ ជួបជុំគ្នាបង្កើតកម្មវិធី យោគៈ និង សមាធិដើម្បីបង្កើនគុណភាពជីវិត

  • 2019-06-25 08:41:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីចូលរួមប្រារព្វទិវាយោគៈ​អន្តរជាតិឆ្នាំ ២០១៩នេះ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាទួលគោក JCI Cambodia-Toul Kork បាន​ផ្តួចផ្តើមបង្កើតគម្រោង​​ទីមួយ ដែល​មាន​ឈោ្មះថា «យោគៈ និង សមាធិដើម្បីបង្កើនគុណភាពជីវិត» ដែលមានអ្នកចូលរួមប្រមាណជិត ២០០នាក់ និងដែលបានប្រព្រឹត្តិទៅកាលពី​ថ្ងៃទី ២៣ មិថុនា ២០១៩ នៅសាលប្រជុំជាន់ទី៣ នៃផ្សារទំនើបអ៊ីអន។

លោកស្រី ពៅ ធនរី ដែលជាសហគ្រិនម្នាក់ និង ជាអនុប្រធានផ្នែកអភិវឌ្ឍន៏បុគ្គល នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាទួលគោក បានស្ម័គ្រចិត្តធ្វើជាប្រធានអនុវត្តន៏គម្រោង​ ដែលដឹកនាំ ក្រុមការងារស្ម័គ្រចិត្តរបស់គម្រោងនេះឡើង បាន​លើកឡើង​ថា បងប្អូនអ្នកចូលរួម ដែលមានវត្តមាននៅក្នុងកម្មវិធីថ្ងៃនេះ សុទ្ធសឹងជាសហគ្រិន អ្នកជំនួញ និងអ្នកធ្វើការតាមស្ថាប័ននានា ដែលមានភាពមមាញឹកជាខ្លាំងក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ដូច្នេះគោលបំណងសំខាន់ក្នុងថ្ងៃនេះ គឺចង់ឲ្យ​បងប្អូនចំណាយពេលវេលាមួយព្រឹក ផ្តល់កាដូឲ្យ​ខ្លួនឯង មិនមែនជាទ្រព្យសម្បត្តិ តែជាការផ្តល់ពេលវេលាដ៏ពេញលេញមួយឲ្យ​ខ្លួនឯង សង្រួមចិត្តតាមរយៈការធ្វើសមាធិ និងយោហ្គា ដែលលំហាត់ចិត្ត និងកាយនេះមានសារៈប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពផ្លូវកាយ និងផ្លូវចិត្ត។

លោកស្រី បាន​បន្ដ​ទៀត​ថា យោហ្កាជួយផ្តល់ឲ្យ​បងប្អូននូវសុខភាពផ្លូវដង្ហើមល្អ រាងកាយមាំមួនពីក្នុង ដល់ក្រៅ។ សមាធិ ជួយឲ្យ​បងប្អូនមានសុខភាពផ្លូវចិត្តល្អ រឹងមាំ និងវិជ្ជមាន ដែលទាំងអស់នេះ ជាគ្រឹះដ៏សំខាន់ជួយបង្កើននូវគុណភាពជីវិត ជំរុញប្រសិទ្ធភាពការងារ ក៏ដូចជាបង្កើតនូវការប្រាស្រ័យទាក់ទងល្អរវាងក្រុមគ្រួសារ មិត្តភក្តិ និងដៃគូជំនួញរបស់បងប្អូនផងដែរ។

ថ្លៃងនាឱកាសនោះដែរ លោកស្រី ទុន លក្ខិណា ស្ថាបនិកសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាទួលគោក បានថ្លែងថា ថ្ងៃនេះ​លោកស្រីពិតជាមានសេចក្តីរីករាយ ដែលបានឃើញវត្តមាន ព្រះតេជគុណ លោក លោកស្រី និង បងប្អូនទាំងអស់គ្នា ផ្តល់កិត្តិយស ចូលរួមកម្មវិធីនេះ ដែលបានរៀបចំឡើង ដោយការផ្តួចផ្តើម ពីសំណាក់ សមាជិកសមាជិការ ក៏ដូចជាលោកស្រីផ្ទាល់ ជាពិសេស ក្រោមការរៀបចំយ៉ាងយកចិត្តទុកដាក់ អំពី​លោកស្រី ពៅ ធនរី ដែលជាប្រធានគម្រោង និង ក្រុមការងារសម្របសម្រួល​ គឺលោកស្រី សេង សុភ័ណ្ឌ និងលោក ជ័យ សំអន ។

JCI កម្ពុជា សាខាទួលគោក ទើបតែចាប់ផ្តើមបង្កើតឡើង​ក្នុងឆ្នាំ 2019 ដែលបច្ចុប្បន្នមានសមាជិកសរុប ៤៨ នាក់ ដែលពួកគាត់ មកពីមជ្ឈដ្ឋានផ្សេងៗគ្នា តែអ្វីដែលយើងមានរួមគ្នា គឺយើងចង់ឲ្យ​គ្រួសារ មិត្តភក្រ និងសង្គមជាតិយើង មានការរីកចម្រើន​ ក្រៅពីនេះ គឺយើងចង់ចែករំលែក អ្វីដែលយើងអាចធ្វើបានជាការតបស្នង ទៅជូនសង្គមជាតិយើងវិញ។ ដូចដែលលោកស្រីប្រធាន​គម្រោង​យើងបានរៀបរាប់យ៉ាងលំអិត នាងខ្ញុំសង្ឃឹមថា គម្រោង​នេះ​នឹងផ្តល់អត្ថប្រយោជន៍ជូនដល់បងប្អូន ទោះបីជាទទួលបានតិច ឬច្រើនក៏ដោយ សូមឲ្យ​សន្តិភាពផ្លូវចិត្តរបស់បងប្អូនស្ថិតនៅជាប់រហូត ដែលយើងអាចនិយាយបានថា Peace is Possible។

ជាចុងបព្ចាប់ ព្រះករុណានាងខ្ញុំសូមឆ្លៀតក្នុងឪកាសនេះថ្លែងអំណរព្រះគុណជូនចំពោះ ព្រះអង្គគ្រូ គូសុភាព វាគ្មិនលោក នឹម ឈុន្នី និង លោក យាន់ វណ្ណៈ និងថ្លែងអំណរគុណដល់ក្រុមហ៊ុន Phnom Penh Precast Plants ក្រុមហ៊ុនធានារ៉ាប់រ៉ងអាយុជីវិត AIA ក៏ដូចជាក្រុមហ៊ុនផ្សេងៗទៀត ដែលបានចូលរួមឧបត្ថម្ភ និង សហការ បង្កើតតគម្រោង​នេះឡើង ហើយក៏សូមអរគុណដល់យុវជនក្រុមការងារស្ម័គ្រចិត្តទាំងអស់ ដែលបានសហការយ៉ាងល្អ និងលោកស្រីប្រធានគម្រោង​ ដែលបានផ្តួចផ្តើមគម្រោង​ ដ៏មានអត្ថប្រយោជន៏មួយនេះ អ្វីដែលមិនអាចភ្លេចបានគឺ នាងខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់ដែលបានមកចូលរួមនិងគាំទ្រគម្រោង​មូយនេះ ដោយសង្ឃឹម ថាបងប្អូននិងចូលរួមនូវគំរោងផ្សេងៗទៀត របស់ JCI កម្ពុជាសាខាទួលគោក ក៏ដូចជា គម្រោង​របស់ JCI Cambodia សាខាផ្សេងៗ​ទៀត​ដូចគ្នា៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់