• 2019-07-12 08:50:58
  • ការអប់រំ

ពិព័រណ៍ការងារ និងផលិតភាពសៀមរាប ឆ្នាំ២០១៩ បានផ្តល់ឱកាសការងារចំនួន ៥ពាន់កន្លែង

  • 2019-07-12 08:50:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំពិព័រណ៍ការងារ និងផលិតភាព សៀមរាបឆ្នាំ២០១៩ មានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកក្កដា នៅ សួនច្បារព្រះអង្គចេកព្រះអង្គចម ដោយនាំយកឱកាសការងារប្រមាណ៥ពាន់កន្លែងជូន ដល់យុវជន និងសិស្សនិស្សិតនៅខេត្តសៀមរាប ដែលពិព័រណ៍ការងារនេះ មានការចូលរួម តាំងបង្ហាញពីសំណាក់សហគ្រាស គ្រឹះស្ថាន ក្រសួង-ស្ថាប័ន និងអង្គការជាតិ-អន្តរជាតិ ចំនួន៥៨ លើបញ្ជរសរុបចំនួន៦២ មកពីវិស័យសេដ្ឋកិច្ចសំខាន់ៗនៅក្នុងខេត្តសៀមរាប។

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងក្នុងគោល បំណងពង្រឹងយន្តការ វេទិកាការងារ តាមរយៈការបង្កើតឱកាសនូវជួបជុំគ្នាដោយងាយស្រួល រវាងភាគីពាក់ព័ន្ធទាំងអស់ក្នុងទីផ្សារការងារ, ការទទួលបានឱកាសការងារ និងជ្រើសរើស កម្លាំងពលកម្មដោយទូលំទូលាយ, ការជំរុញយុទ្ធនាការលើកកម្ពស់ផលិតភាព សំដៅបញ្ជ្រាប ការយល់ដឹង និងកែប្រែផ្នត់គំនិតដើម្បីខិតខំបង្កើនផលិតភាពក្នុងការងារ។

ឯកឧត្តមបន្តថា ពិព័រណ៍ការងារ និងផលិតភាពសៀមរាបឆ្នាំ ២០១៩នេះ គឺបង្ហាញពី ការចូលរួមចំណែកអនុវត្តន៍ និងសម្រេចនូវទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ក្នុងការបន្តពង្រឹងយន្តការ «វេទិកាការងារ» ដើម្បីបង្កើតឱកាសងាយស្រួលសម្រាប់អ្នកស្វែងរក ការងារធ្វើ ជាពិសេសយុវជន និងសិស្ស និស្សិត បានជួបដោយផ្ទាល់ជាមួយក្រុមហ៊ុនដែល កំពុងត្រូវការជ្រើសរើសកម្លាំងពលកម្ម ហើយក៏ជាឱកាសសម្រាប់ផ្គូផ្គងជំនាញទៅនឹងការងារ ទទួលព័ត៌មានទីផ្សារការងារថ្មីៗបំផុត ត្រៀមខ្លួនចូលទីផ្សារការងារដោយជោគជ័យ និងឱកាសសម្រាប់អភិវឌ្ឍលើកកម្ពស់ជំនាញសម្រាប់អនាគតអាជីពកាន់តែប្រសើរ។ និយោ ជកមានឱកាសផ្សព្វផ្សាយទូលំទូលាយអំពីក្រុមហ៊ុនរបស់ខ្លួន ដើម្បីទាក់ទាញធន ធានមនុស្សប្រកបដោយទេពកោសល្យ ព្រមទាំងអាចធ្វើការជ្រើសរើសកម្លាំងពលកម្ម នៅនឹងកន្លែងផ្ទាល់ភ្លាមៗ។

លោក Graeme Buckley នាយកការិយាល័យអង្គការ ILO ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ លើកឡើងថា ពិព័រណ៍ការងារ និងផលិតភាពសៀមរាបនៅក្នុងឆ្នាំ២០១៩នេះ គឺជាកន្លែងជួបជុំដ៏ងាយស្រួលសម្រាប់សិស្ស-និស្សិត យុវជន និងអ្នកស្វែងរកការងារ ជាមួយ ក្រុមហ៊ុន និយោជកដែលមានតម្រូវការកម្លាំងពលកម្មនៅក្នុងខេត្ត។ យុវជនអាចធ្វើការ សម្រេចចិត្តដាក់ពាក្យស្វែងរកការងារភ្លាមៗ សាកសួរព័ត៌មានអំពីតម្រូវការជំនាញ, ពិនិត្យលើ គោលនយោបាយបុគ្គលិករបស់ក្រុមហ៊ុន និងត្រៀមខ្លួនចូលទីផ្សារការងារបានល្អប្រសើរ។ លើសពីនេះ ព្រឹត្តិការណ៍នេះក៏ត្រូវបានរៀបចំឡើងដើម្បីចូលរួមអបអរខួប១០០ឆ្នាំរបស់ អង្គការ ILO និងខួប៥០ឆ្នាំ នៃការចូលជាសមាជិកភាពរបស់កម្ពុជាក្នុងអង្គការ ILO ផងដែរ។

សូមបញ្ជាក់ថា នៅក្នុងពិព័រណ៍ការងារ និងផលិតភាពសៀមរាបឆ្នាំ២០១៩នេះ ឱកាសការងារប្រមាណ៥ពាន់កន្លែង ត្រូវបានផ្តល់ជូនពីសំណាក់និយោជកនៅក្នុងវិស័យ សំខាន់ៗដែលកំពុងមានសក្តានុពល និងសកម្មភាពធុរកិច្ចខ្លាំងក្លានៅក្នុងខេត្តសៀមរាប មានដូចជា ទេសចរណ៍ សណ្ឋាគារ និងបដិសណ្ឋារកិច្ច ភោជនីយដ្ឋាន និងម្ហូបអាហារ សេវាដឹកជញ្ជូន ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអចលនវត្ថុជាដើម។

ទន្ទឹមនេះ អ្នកចូលរួមក៏អាចទទួលបានចំណេះដឹង និងព័ត៌មានថ្មីៗថែមទៀតពាក់ ព័ន្ធការផ្តល់មគ្គុទេសក៍ អាជីព និងការងារ ព្រមទាំងការចែករំលែកព័ត៌មានទីផ្សារ ការងារថ្មី បំផុតអំពី ឱកាសការងារ ដែលកំពុងតែមានតម្រូវការ សំដៅរៀបចំផែនការអភិវឌ្ឍន៍ អាជីពការងារ និងមុខរបរឱ្យបានត្រឹមត្រូវ និងប្រកបដោយជោគជ័យ ហើយថែមទាំងអាច ទទួលបាននូវគំនិត ចំណេះដឹង ចំណេះធ្វើ វិធីសាស្រ្តអនុវត្តន៍ការងារ និងបទពិសោធន៍ ជោគជ័យជាក់ស្តែងពាក់ព័ន្ធការបង្កើនផលិតភាព សំដៅបណ្តុះផ្នត់គំនិត កែប្រែឥរិយាបថ ការងារ និងចូលរួមលើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែងអាជីវកម្ម ស្របតាមការវិវត្ត នៃបច្ចេកវិទ្យាក្នុងយុគសម័យឧស្សាហកម្មទី៤ នៃប្រព័ន្ធអ៊ីនធឺណិត និងឌីជីថល៕

ប្រភព៖ AKP អត្ថបទ៖ ឃុត សៅ

មតិយោបល់
អត្ថបទពេញនិយម