• 2024-01-23 13:08:00
  • ព័ត៌មាន

ការ​កក​ស្ទះ​ចរាចរណ៍​ធំៗ​ចំនួន ៣ ក្នុង​ប្រវត្តិសាស្ត្រ

  • 2024-01-23 13:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំណើន​សេដ្ឋកិច្ច បាន​រួម​ចំណែក​ក្នុង​ការ​ធ្វើ​ឲ្យ​ចំណូល​របស់​ប្រជាជន​មាន​ការ​កើន​ឡើង ដែល​អាច​កត្តា​សំខាន់​មួយ​ក្នុង​នាំ​ឲ្យ​មាន​កំណើន​យានយន្ត​នៅ​លើ​ដង​ផ្លូវ។ នៅ​ប្រទេស​ជា​ច្រើន ការណ៍​នេះ​បណ្ដាល​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍។ ទោះ​ជា​យ៉ាង​ណា កំណើន​យានយន្ត​មិន​មែន​ជា​មូលហេតុ​ចម្បង​តែ​មួយ​ឡើយ។ បញ្ហា​អាកាសធាតុ និង ការ​សម្រុក​ប្រើប្រាស់​ផ្លូវ​របស់​ពលរដ្ឋ​ដោយ​ហេតុ​ផល​ផ្សេងៗ​ជា​ដើម សុទ្ធ​តែ​រួម​ចំណែក​ដល់​ការ​កក​ស្ទះ​ចរាចរណ៍។ ក្នុង​ន័យ​នេះ អត្ថបទ​នឹង​លើក​អំពី​ការ​កក​ស្ទះ​ចរាចរណ៍​ធំៗ​ចំនួន ៣ ក្នុង​ប្រវត្តិសាស្ត្រ។

១.ផ្លូវ​ល្បឿន​លឿន​ប៉េកាំង – ទីបេ សាធារណរដ្ឋប្រជាមានិត​ចិន៖ កាល​ពី​ខែ​សីហា ឆ្នាំ ២០១០ មាន​ការ​កក​ស្ទះ​ចរាចរណ៍​ដល់​ទៅ ១២ ថ្ងៃ​ នៅ​លើ​ផ្លូវ​មួយ​នេះ។ ប្រវែង​ដែល​យានយន្ត​ដែល​ស្ទះ​គឺ​ជិត ១០០ គីឡូ​ម៉ែត្រ។ មូលហេតុ​នៃ​ការ​កក​ស្ទះ​ គឺ​បណ្ដាល​មក​ពី មាន​យានយន្ត​ច្រើន​ពេក​ប្រើ​ផ្លូវ​មួយ​នេះ ជា​ពិសេស​ឡាន​ធំៗ​ដឹក​សម្ភារៈ​សំណង់។

២.ផ្លូវ​ថ្នល់​អាល្លឺម៉ង់​ខាង​កើត – ខាង​លិច៖ ក្រោយ​ជញ្ជាំង​ប៊ែរឡាំង​បាន​រលំរលាយ​ទៅ​នៅ​ឆ្នាំ ១៩៨៩ ការ​ធ្វើ​ដំណើរ​ពី​អាល្លឺម៉ង់​ខាង​កើត​ទៅ​អាល្លឺម៉ង់​ខាង​លិច​មាន​ភាព​ងាយ​ស្រួល​ជាង​មុន។ កាល​ពី​ខែ​មេសា ឆ្នាំ ១៩៩០ ក្នុង​ពិធី​បុណ្យ Easter ប្រជាជន​អាល្លឺម៉ង់​បាន​ធ្វើ​ការ​សម្រុក​ធ្វើ​ដំណើរ​ទៅ​លេង​បង​ប្អូន​ខ្លួន​នៅ​ទឹក​ដី​អាល្លឺម៉ង់​មួយ​ផ្នែក​ទៀត ដើម្បី​ធ្វើ​ការ​ជួប​ជុំ​​អបអរ​ពិធី​ទាំង​គ្នា។ ការណ៍​នេះ​ធ្វើ​ឲ្យ​មាន​វត្តមាន​ឡានកើន​ដល់​ទៅ ១៨ លាន​គ្រឿង​នៅ​លើ​ផ្លូវ។ ទោះ​ជា​យ៉ាង​ណា ផ្លូវ​នោះ​​មាន​ប្រមាណ​តែ ៥០ ម៉ឺន​ឡាន​ប៉ុណ្ណោះ ដែល​អាច​ឆ្លងកាត់។ ភាព​មិន​សមាមាត្រ​គ្នា​នេះហើយ បង្ក​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង​។ ប្រវែង​ស្ទះ​គឺ​រហូត​ដល់​ទៅ ៤៨ គីឡូម៉ែត្រ។

៣.ផ្លូវ Interstate ៤៥ ទីក្រុង Houston រដ្ឋ​ Texas សហរដ្ឋអាមេរិក៖ នៅ​ខែ​កញ្ញា ឆ្នាំ ២០០៥ មាន​មនុស្ស​ប្រមាណ ២,៥ លាន​នាក់​បាន​ធ្វើ​ការ​ជម្លៀស​ពី​ទីក្រុង Houston បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ទាក់ទង​នឹង​ការ​ជិត​មក​ដល់​នៃ​ខ្យល់​ព្យុះ Hurricane Rita។ ការណ៍​នេះ​បណ្ដាល​ឲ្យ​មាន​ការ​ស្ទះ​ចរាចរណ៍​មាន​ប្រវែង​ដល់​ទៅ ១៦១ គីឡូម៉ែត្រ នៅ​លើ​ផ្លូវ Interstate ៤៥។ ការ​កក​ស្ទះ​មាន​រយៈ​ពេល ៤៨ ម៉ោង៕

ប្រភព៖ Forbes | MSN ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់