• 2018-06-08 09:47:15
  • ស្នេហា

មិនបាច់ហត់ទៅស្រលាញ់គេម្នាក់ឯង គ្រាន់តែធ្វើ៦យ៉ាងនេះ គេតាមញ៉ែចាប់អត់ឈ្នះ

  • 2018-06-08 09:47:15
  • ចំនួនមតិ

ចន្លោះមិនឃើញ

ជួន​កាល​យើង​តែង​ឆ្ងល់​ខ្លួន​ឯង​ថា ស្អាត​ប៉ុណ្ណឹង​ដែរ សង្ហា​ប៉ុណ្ណឹង​ដែរ ម៉េច​ក៏​រក​សង្សារ​មួយ​មិន​បាន​នឹង​គេ។ វា​មាន​បញ្ហា​ជា​ច្រើន ដែល​ជួន​កាល​យើង​អាច​មិន​គិត​ដល់​ថា វា​មិន​មែន​ជា​មួល​ហេតុ​ដែល​នៅ​ម្នាក់​ឯង។ ត​ទៅ​នេះ គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​ចំណុច​សំខាន់ៗ​មួយ​ចំនួន ក្នុង​ចំណោម​ហេតុផល​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​យើង​មិន​ងាយ​នឹង​មាន​សង្សារ។

១. ក្រវាត់​ចោល​ភ្លាម​ទឹក​មុខ​ក្រញូវ​មិន​ចេះ​ញញឹម

ភាព​រួសរាយ​​រាក់​ទាក់​ ស្នាម​ញញឹម របស់​មនុស្ស​មិន​ថា បុរស ឬ​នារី​ឡើយ គឺ​ជា​ភាព​ទាក់ទាញ​បំផុត។ មុខ​មិន​ទទួល​ភ្ញៀវ មុខ​មិន​អំណោយ​ផល ពេល​ខ្លះ​មិន​មែន​សំដៅ​លើ​មាន​មុខមាត់​មិន​ស្អាត​នោះ​ទេ តែ​វា​សំដៅ​ទៅ​លើ​មនុស្ស​មិន​ចេះ​ញញឹម​នេះ​ហើយ។ ដូច្នេះ​ចង់​ឲ្យ​គេ​មក​ចាប់​អារម្មណ៍​ខ្លួន គឺ​ត្រូវ​ចេះ​ញញឹម​ទៅ​កាន់​ពិភពលោក​ជា​មុន​សិន នោះ​ភាព​ស្រស់​ស្រាយ​នឹង​កើត​មាន​រាល់​ថ្ងៃ។

រូបតំណាង

២. ស្អាត​ខ្ញង់​ៗ​រាល់​ថ្ងៃ

ធម្មតា​មុន​នឹង​គេ​ដឹង​ពី​ភាព​ទាក់​ទាញ​ផ្នែក​ខាង​ក្នុង​របស់​យើង គឺ​គេ​មើល​មក​លើ​សម្បក​ក្រៅ​ និង​ការ​រៀបចំ​ខ្លួន​មុន​គេ។ ទោះ​គេ​មិន​បាន​បាក់​ចិត្ត​ស្រលាញ់​ភ្លាម​ៗ យ៉ាង​ហោច​ណាស់​គេ​ក៏​លួច​សរសើរ​ថា ពូកែ​រៀបចំ​ខ្លួន មាន​ភាព​ទាក់​ទាញ ស្រស់​ស្អាត ស្រស់​សង្ហា។ ការ​ស្លៀកពាក់ ការ​រៀបចំ​ខ្លួន​ក៏​ត្រូវ​ចេះ​បត់បែន​តាម​កាលៈទេសៈ​ពេល​វេលា និង​ចេះ​ជ្រើស​រើស​ឲ្យ​សក្ដិសម​នឹង​ខ្លួន​ឯង។

៣. កុំ​ប្រកាន់​រឹកពារ​ខ្លាំង​ពេក​រៀន​ឲ្យ​ចូល​ចំណោម​គេ​ខ្លះ​ផង

ភាព​មិន​ចូល​ចំណោម គិត​ថា​ខ្លួន​ឯង​ជា​តួឯក ប្រកាន់​ខ្លួន​ច្រើន ក៏​មិន​សូវ​មាន​អ្នក​ណា​ហ៊ាន​ចូល​ក្បែរ​ដែរ។ ស្គាល់​កាន់​តែ​ច្រើន​ទំនាក់​ទំនង​ក៏​កាន់​តែ​ច្រើន ថា​មិន​ត្រូវ​ក្នុង​ចំណោម​មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង អាច​មាន​នរណា​ម្នាក់​ចាប់​អារម្មណ៍​នឹង​យើង​ក៏​ថា​បាន។ បើ​មិន​ចេះ​ប្រឡូក​ក្នុង​សង្គម មិន​ដើរហើរ​ខ្លះ គ្មាន​អ្នក​ណា​សុខៗ​រត់​មក​រក​យើង​នោះ​ទេ។ ដូច​ពាក្យ​គេ​និយាយ​ថា ឱកាស​មិន​មែន​សុខៗ​ធ្លាក់​ពី​លើ​មេឃ​ទេ ទាល់​តែ​យើង​ចេះ​ស្វែង​រក​ខ្លួន​ឯង។ មិន​ខុស​អី​ពី​រឿង​ស្នេហា បើ​ចង់​មាន​សង្សារ​កុំ​សម្ងំ​តែ​ក្នុង​ផ្ទះ​ពេក។

រូបតំណាង

៤. មិន​បាច់​ត្រឹមត្រូវ​ដូច​សំពត់​បត់​ក្នុង​ផ្នត់​ពេក​ទេ

ត្រង់​ចំណុច​នេះ​មិន​មែន​ន័យ​ថា ឲ្យ​ទៅ​ធ្វើ​ចរិត​លលាម ហិចហើរ​នោះ​ទេ តែ​មាន​ន័យ​ថា ​បើ​ចាប់​អារម្មណ៍​អ្នកណា​រៀន​ចូល​ឲ្យ​កៀក​តិច​ទៅ ហើយ​ព្យាយាម​បង្ហាញ ឬ​សាកល្បង​សារភាព​ទៅ។ យ៉ាង​ហោច​ណាស់​យើង​ក៏​បាន​ដឹង​ថា គេ​ស្រលាញ់ ឬ​មិន​ស្រលាញ់ ប្រសើរ​ជាង​នៅ​សង្ស័យ​គេ​ចាប់​អារម្មណ៍​អត់ គេ​ស្រលាញ់​វិញ​អត់។ ទទួល​ស្គាល់​ថា វា​មិន​មែន​ជារឿង​ងាយ​ស្រួល​ធ្វើ​ទេ តែ​ត្រូវ​សួរ​ខ្លួន​ឯង​ថា បើ​យើង​មិន​ប្រាប់​គេ ធ្វើ​ម៉េច​គេ​ដឹង​ថា​យើង​ចាប់​អារម្មណ៍​គេ? បើ​មិន​ហ៊ាន​ទេ​មួយ​ជីវិត​ហ្នឹង អង្គុយ​តែ​ស្រលាញ់​គេ​ម្នាក់​ឯង​ទៅ​បាន​ហើយ។

៥. មាន​លក្ខណៈ​ពិសេស​ផ្ទាល់​ខ្លួន

មនុស្ស​ម្នាក់​ៗ​តែង​មាន​លក្ខណៈ​ពិសេស​ផ្ទាល់​ខ្លួន​ដូចជា​សមត្ថភាព​លើ​ការ​ងារ រៀន​ពូកែ កំប្លែង ក្រមិចក្រមើម ពូកែ​និយាយ​។ល។ បើ​មាន​សមត្ថភាព​អី​បញ្ចេញ​វា​មក ព្រោះ​នេះ​គេ​ហៅ​ភាព​ទាក់​ទាញ​ផ្ទាល់​ខ្លួន ដែល​មិន​ប្រាកដ​ថា​អ្នក​ផ្សេង​មាន​នោះ​ទេ។​ ភាព​ទាក់ទាញ​នេះ​ដែរ អាច​ធ្វើ​ឲ្យ​មាន​មនុស្ស​ជា​ច្រើន​ចង់​នៅ​ក្បែរ ចង់​រាប់​អាន ហើយ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ ជួន​កាល​ក៏​មាន​អនាគត​សង្សារ​យើង​ក៏​ចាប់​អារម្មណ៍​យើង​ដែរ។

៦. កុំ​រង់ចាំ​តែ​អ្នក​ល្អ​ឥត​ខ្ចោះ​ពេក

បើ​និយាយ​​ការ​លង់​ស្រលាញ់​មនុស្ស​ម្នាក់ លុះ​ត្រា​តែ​អ្នក​នោះ ស្អាត សង្ហា ពូកែ មាន តែ​ធាតុ​ពិត​ជាក់​ស្ដែង​មិន​ងាយ​នឹង​ជួប​ឡើយ អាច​មាន​១​ក្នុង​ចំណោម​១០០​ថា​ច្រើន​ពេក​ផង។ ពេល​ខ្លះ​ការ​ស្រលាញ់​មនុស្ស​ម្នាក់​មិន​ចាំបាច់​ទាល់​តែ​ឥត​ខ្ចោះ​ទេ ល្មម​ៗ​ស្រលាញ់​គេ​វិញ​ទៅ បើ​មាន​អ្នក​មក​សារភាព។ យ៉ាង​ណា​ក៏​គ្រាន់​បើ​ជាង​លួច​ស្រលាញ់​មនុស្ស​ដែល​មាន​គ្រប់​យ៉ាង តែ​ស្រលាញ់​គេ​ម្នាក់​ឯង​ក្នុង​ក្ដី​ស្រមៃ។ គួរ​ស្រលាញ់​អ្នក​ណា ដែល​គេ​មក​ស្រលាញ់​យើង បាន​ប៉ះ​ផ្ទាល់ៗ ឈាម​ពិត សាច់​ពិត ល្អ​ជាង​ដេក​រវើរវាយ​រង់​ចាំ​ទេវបុត្ត ទេព​ធីតា​ជិះ​សេះស​ដែរ៕ ​​

ចុចអាន៖

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

មតិយោបល់