• 2018-09-06 08:26:01
  • សុខភាព

អត់​ញ៉ាំ​អី​ពេល​ព្រឹក ពិតជា​ប៉ះ​ពាល់​ធ្ងន់​ដល់​សុខភាព?

  • 2018-09-06 08:26:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«អាហារ​ពេល​ព្រឹក» មួយ​ម៉ាត់ ជា​ប្រធាន​បទ​ដ៏​ក្ដៅ​គគុក​ប្រកែក​គ្នា​មិន​ចប់​រាប់​ទសវត្ស​មក​ហើយ រវាង​អ្នក​ស្រាវជ្រាវ និង​អ្នក​ជំនាញ​អាហារូបត្ថម្ភ​ទូទាំង​ពិភព​លោក។

ការ​ស្រាវជ្រាវ​ខ្លះ​បង្ហាញ​ថា អាហារ​ពេល​ព្រឹក ជា​អាហារ​សំខាន់​បំផុត​ក្នុង​ចំណោម​អាហារ​ទាំង ៣ ពេល ដោយ​អះអាង​ថា៖

  • (១) អាហារ​ពេល​ព្រឹក ជួយ​ជំរុញ​ដំណើរ​ការ​ដុត​បម្លែង​អាហារ​ទៅ​ជា​ថាមពល​ក្នុង​រាង​កាយ ធ្វើ​ឲ្យ​មនុស្ស​មាន​កម្លាំង និង​ស្មារតី​ស្វាង។
  • (២) ការ​មិន​ញ៉ាំ​អី​ពេល​ព្រឹក អាច​ធ្វើ​ឲ្យ​មនុស្ស​ធាត់ វិវឌ្ឍ​ទៅ​ជា​បញ្ហា​ឡើង​ឈាម រហូត​ដល់​មាន​បញ្ហា​បេះដូង និង​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ទៀត​ផង។ ធាត់ គឺ​ដោយ​សារ​មនុស្ស​កាន់​តែ​ឃ្លាន​ និង​ញ៉ាំ​ច្រើន​ពេល​បាយ​ថ្ងៃ​ត្រង់ និង​ល្ងាច ដោយសារ​អត់​ញ៉ាំ​អី​ពេល​ព្រឹក។

ត្រង់​នេះ បើ​ស្ដាប់​ទៅ ដូច​ទំនង​ដែរ តែ​បញ្ហា​ត្រង់​ថា រហូត​ដល់​ពេល​នេះ​គ្មាន​ភស្តុតាង​វិទ្យាសាស្ត្រ​ជាក់​លាក់​ណា​មួយ​ច្បាស់​លាស់​បកស្រាយ​គាំទ្រ​អំណះអំណាង​ទាំង​នោះ​ឡើយ។ ទាំង​នោះ​សុទ្ធ​តែ​ករណី​សិក្សា​បែប​អង្កេត​ប៉ុណ្ណោះ មិន​មែន​ពិសោធ​ជាក់​ស្ដែង។ នេះ​បើ​តាម​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ធំ​របស់​អាមេរិក The New York Times។

លោក James Betts សាស្ត្រាចារ្យ​ផ្នែក​អាហារូបត្ថម្ភ នៅ​សាកលវិទ្យាល័យ Bath ប្រទេស​អង់គ្លេស បញ្ជាក់​ថា ការ​សិក្សា​ស្រាវជ្រាវ​បែប​ពិសោធ​ចុង​ក្រោយ​បំផុត​មួយ​នា​ខែ​កុម្ភៈ ដើម​ឆ្នាំ​២០១៨ ដោយ​តម្រូវ​ឲ្យ​មនុស្ស​អត់​ញ៉ាំ​អាហារ​ពេល​ព្រឹក​រយៈ​ពេល ៦ សប្ដាហ៍ រក​ឃើញ​ថា ការ​ញ៉ាំ ឬ​មិន​ញ៉ាំ​អី​ពេល​ព្រឹក មិន​ពាក់​ព័ន្ធ​រឿង​ឡើង​គីឡូ​នោះ​ទេ។

ម្យ៉ាងទៀត សារព័ត៌មាន​សុខភាព​ដ៏​ធំ​របស់​អាមេរិក Healthline បាន​ចុះ​ផ្សាយ​ថា ការ​ដែល​ញ៉ាំ​អាហារ​ពេល​ព្រឹក ជួយ​ជំរុញ​ដំណើរ​ការ​ដុត​បម្លែង​អាហារ​ទៅ​ជា​ថាមពល​នោះ ជា​រឿង​មិន​ពិត​ដែរ។ ការ​ស្រាវជ្រាវ​ជា​ច្រើន​បញ្ជាក់​ថា បរិមាណ​ថាមពល​កាឡូរី​ក្នុង​រាង​កាយ​ដែល​បាន​ពី​ការ​ដុត​បម្លែង​អាហារ​ក្នុង​រយៈ​ពេល ២៤ ម៉ោង មិន​មាន​ភាព​ខុស​គ្នា​រវាង​អ្នក​ញ៉ាំ​អាហារ​ពេល​ព្រឹក និង​អ្នក​មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក​នោះ​ទេ។

យ៉ាង​ណា​ក៏​ដោយ តែ​សម្រាប់​ក្មេង​វិញ គេ​ត្រូវ​ការ​អាហារ​ពេល​ព្រឹក​ជា​ចាំបាច់ ដើម្បី​ការ​លូត​លាស់​ដល់​ខួរក្បាល និង​រាងកាយ​របស់​គេ។ នេះ​បើ​យោង​តាម​សាស្ត្រាចារ្យ Terence Kealey អតីត​ជីវគីមី​វិទូ​នៅ​សាកលវិទ្យាល័យ Cambridge។

មនុស្ស​ពេញ​វ័យ ញ៉ាំ ឬ​អត់​ញ៉ាំ​អាហារ​ពេល​ព្រឹក មិន​ប៉ះ​ពាល់​ដល់​សុខភាព​នោះ​ឡើយ។ ប៉ុន្តែ បើ​ទម្លាប់​ញ៉ាំ​អាហារ​ពេល​ព្រឹក ត្រូវ​ញ៉ាំ​អាហារ​ផ្ដល់​ប្រយោជន៍​សុខភាព ដូច​ជា ពងមាន់ ផ្លែ​ឈើ បន្លែ ទឹករ៉ែធម្មជាតិ ជា​ដើម៕

មតិយោបល់